ពោធិ៍សាត់៖ អ្នកភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាច្រើនគ្រួសារ បាន ត្អូញត្អែរថា រហូតមកដល់ ឆ្នាំ២០១៣ហើយ ពួកគាត់នៅតែពុំទាន់មាន ទឹកស្អាតប្រើប្រាស់ នៅឡើយទេ ។ ដោយពួកគាត់បាន លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ដើម ឆ្នាំ២០១៣នេះ គឺគ្រួសារ ខ្លះនៅតែ ប្រើប្រាស់ទឹកស្រះ បួមទឹកអណ្តូង ចំណែកឯ គ្រួសារខ្លះទៀត ដែលគេមាន ធនធានគ្រាន់បើ គឺគេទិញទឹក ដឹកលក់តាមរថយន្ត ក្នុងតម្លៃពី ៣៥០០០រៀល ទៅ៤ម៉ឺនរៀល សម្រាប់ប្រើប្រាស់ ។
ការដែលអ្នកភូមិខ្លះបាន ទិញទឹកដឹកលក់តាម រថយន្តជាប្រចាំខែ បើធៀបទៅនឹង ការចំណាយនៃការ ប្រើប្រាស់ទឹកស្អាត គឺវាមានតម្លៃឆ្ងាយពីគ្នា ដូចមេឃនិងដីឯណោះ ពីព្រោះគ្រួសារខ្លះ ដែលមាន សមាជិកច្រើន គេប្រើប្រាស់ទឹកទិញ ពីរថយន្តដឹកលក់ ក្នុងមួយខែ យ៉ាងហោចក៏អស់ តែពី៥ម៉ឺន ឡើងទៅនោះទេ ។ ជាមួយគ្នានេះផងដែរ អ្នកភូមិក៏បាន សំណួមពរឲ្យ លោកប្រធាន អង្គភាពរដ្ឋាករទឹក ខេត្តពោធិ៍សាត់ ថាបើជំនាញអាច សិក្សាការពង្រីក បណ្តាទឹកស្អាត ឲ្យដល់ពួកគាត់បាន ប្រើប្រាស់នោះ គឺជាការល្អមួយ ហើយដើម្បី សុខភាព របស់អ្នកភូមិផងដែរ ៕