ភ្នំពេញ៖ ដោយស្ថានភាពស្រឹវឹង ហើយនៅតែចចេស បើករថយន្តនោះ បុរជនជាតិចិនម្នាក់ បានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានបុក ជាមួយរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ប៉ុន្តែសំណាងល្អ មិនបានបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៖៣០នាទីយប់ រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ភ្លើងស្តុប មហាវិថី ព្រះមុនីវង្ស កែងផ្លូវ លេខ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
មន្រ្តីចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិន មានឈ្មោះ Wang Pihong អាយុ២៣ឆ្នាំ មុខរបរជាអ្នក ប្រមូលខោអាវ រោងចក្រ Hong Yun បានបើករថយន្ត របស់ខ្លួនម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4225 លុះមកដល់ចំណុច កើតហេតុ បានបុកជាមួយរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ខណៈកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាង។
សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងទៀតថា រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ខម-១៧៩៣ បើកបរដោយឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុជិត៤០ឆ្នាំ ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ នរណាម្នាក់ រងរបួសនោះទេ។ ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ ជើងគោក ស្ទួចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារ តែស្ថានភាព ស្រវឹង ដោយបុរសជនជាតិចិននោះ មានជាតិអាល់ កុលចំនួន ០,៤២ មីលីក្រាម ក្នុងមួយលីត្រខ្យល់ និងគ្មានប័ណ្ណបើកបរ។
បច្ចុប្បន្ន បុរសជនជាតិចិនរូបនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ នៅតែបញ្ចេញប្រតិបត្តិការ ដ៏ក្តៅគគុករបស់ខ្លួន ពោលរាល់ជនណាដែលបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ដោសារតែស្ថានភាពស្រវឹងនោះ ត្រូវចាប់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕