ភ្នំពេញ៖ បើទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រាក់បូរេ ប្រទានដល់ក្រុមកម្មករ ដែលបម្រើការងារ នៅរោងចក្រយ៉ុងវ៉ា១ និងយ៉ុងវ៉ា២ យ៉ាងណាក៏ដោយនោះ ប៉ុន្តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ពួកគេនឹងនៅតែបន្ត ធ្វើកូដកម្មដដែល ដើម្បីទាមទារប្រាក់ អតីតភាពនិងប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀត។
លោក សយ សុខ ជាកម្មករម្នាក់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ថា ប្រាក់ខែពួកខ្លួន ត្រូវបាន ក្រសួងសង្គមកិច្ច បានបើកឲ្យអស់ហើយ ក៏ប៉ុន្តែប្រាក់អតីតភាព និងអត្ថប្រយោជន៍ផ្សេង មិនទាន់បានទទួលនៅឡើយទេ ដោយក្រសួងដោះស្រាយឲ្យពេលក្រោយទៀត។
លោកបន្តថា ទោះបីជាមានការសន្យាពីខាងក្រសួងក៏ដោយ ប៉ុន្តែលោកនិងក្រុមកម្មករដទៃទៀត នឹង បន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយដែលអាចទទួលយកបាន។
លោក បានបញ្ជាក់ថា “ពេលនេះក្រុមកម្មករមិនអាចទៅរកការងារនៅណាបាន គឺត្រូវរង់ចាំរាជរដ្ឋា ភិបាល បើកប្រាក់ហ្នឹងឲ្យដើម្បីយកប្រាក់ទៅសងគេ ទើបអាចទៅរកការងារថ្មីធ្វើទៀត”។
មន្រ្តីក្រសួងសង្គមកិច្ច ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាដែលនៅ សេស សល់ជូនដល់កម្មករបន្តទៀតដើម្បីឲ្យសមស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា។
កាល ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញ ប្រាក់បូរេប្រទានដល់កម្មករ-កម្មការិនីរោងចក្រយ៉ុងវ៉ា១-យ៉ុងវ៉ា២បន្ទាប់ពីពួកគេប្រមូលផ្តុំគ្នាតវ៉ា រហូតដល់បិទផ្លូវជាតិលេខ២១បេ នៅក្រុងតាខ្មៅ តាមរយៈក្រសួងសង្គមកិច្ច ដោយបានបើក ប្រាក់ បូរេប្រទានចំនួន៣.៦៨០.000.០០០រៀល(បីពាន់ប្រាំមួយរយប៉ែតសិបលានរៀល)ដល់ពួកគេហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ។
សូមបញ្ជាក់ថា កម្មករ-កម្មការិនីយ៉ុងវ៉ាទាំងពីរ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាធ្វើការតវ៉ា រហូតដល់ឈានការបិទផ្លូវជាតិលេខ២១បេ តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្លេះហើយមកដល់ថ្ងៃទី១៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានស្នើរឲ្យក្រសួងសង្គមកិច្ចចាត់វិធានការដោះស្រាយប្រាក់ខែជូនដល់ពួកគេរួចរាល់ហើយផង ដែរ៕