ភ្នំពេញៈ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ (កូយកា) ប្រចាំនៅ កម្ពុជា បានឲ្យដឹងថា ក្រុមស្ម័គ្រចិត្ត ជនជាតិកូរ៉េ៦នាក់ បន្ថែមទៀត របស់ KOICA ដែល ជាក្រុមទី៤ ប្រចាំឆ្នាំ ២០១២ និងមកបំពេញ បេសកម្មរបស់ខ្លួន រយៈពេល២ឆ្នាំ នៅប្រទេសកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្រុមអ្នកស្ម័គ្រចិត្ត ទំាងនោះ បានមកដល់កាល ពីថ្ងៃទី៨ ខែតុលា កន្លងទៅនេះ ពួកគេនិងបំពេញ បេសកម្មនៅតាម តំបន់គោលដៅរៀងៗខ្លួន ដើម្បីចែករំលែក ចំណេះដឹង ជំនាញ និងបទពិសោធន៍ដើម្បី រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅ ប្រទេសកម្ពុជា ។
អ្នកគ្រប់គ្រងកម្ម វិធីអ្នកស្ម័គ្រចិត្ត ជនជាតិកូរ៉េ ប្រចាំការិយាល័យកូយកា នៅកម្ពុជា បានឲ្យដឹងថា ក្រុមអ្នក ស្ម័គ្រចិត្ត ៦នាក់នេះ នឹងមកបំពេញការងារ ផ្នែកអប់រំ នៅក្នុងតំបន់ គោលដៅចំនួន៦ រួមមាន សកលវិទ្យាល័យ បាត់ដំបង, សាលាបឋមសិក្សា បន្ទាយចាស់ ក្នុងខេត្តសៀមរាប, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត, វិទ្យាល័យ ហ៊ុន សែន បាឡាំង ខេត្តកំពង់ធំ, មន្ទីរអប់រំយុវជន និងកីឡាខេត្ត រតនគិរី និងវិទ្យាល័យ ស្វាយរៀង ។
អ្នកគ្រប់គ្រងកម្មវិធីអង្គកូយកា បន្តទៀតថា ក្រុមអ្នកស្ម័គ្រចិត្តទាំងនោះ និងចូលរួម ក្នុងវគ្គ បណ្តុះបណ្តាល ក្នុងតំបន់រយៈពេល២ខែ ហើយក្នុង អំឡុងពេលនេះ ជនស្ម័គ្រចិត្តទាំងនោះ និងត្រូវចំណាយ ពេល២សប្តាហ៍ ធ្វើការសិក្សាការងារ និងស្នាក់នៅជាមួយ ប្រជាពលរដ្ឋ ក្នុងតំបន់ដែលពួកគេ នឹងត្រូវចុះទៅបំពេញការងារ ហើយវគ្គ បណ្តុះបណ្តាលនេះ សង្កត់ធ្ងន់ទៅ លើការសិក្សា ភាសាខ្មែរ និងការស្វែងយល់ ពីពត៌មាន សំខាន់ៗ មួយចំនួនដូចជា ការរស់នៅ, សេដ្ឋកិច្ចសង្គម, វប្បធម៌ និងស្ថានភាព នយោបាយនៅ ប្រទេសកម្ពុជា ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្នអង្គការ កូយកា ដែលជាទីភ្នាក់ងារ របស់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ បានបញ្ជូនអ្នក ស្ម័គ្រចិត្តប្រមាណ ជា៣០០នាក់ ដើម្បីមកធ្វើការ តាមផ្នែកសំខាន់ៗ ដូចជា ផ្នែកអប់រំ, សុខាភិបាល និងការអភិវឌ្ឍន៍ ជនបទនៅក្នុង ប្រទេសកម្ពុជា ។ តាមរយៈសកម្មភាពនេះ កួយកា ជឿជាក់ថា ជាមួយនឹងជំនាញ និង បេសកកម្មរបស់អ្នក ស្ម័គ្រចិត្តទាំង៦រួប នេះក៏ដូចជាអ្នក ស្ម័គ្រចិត្ត៧៩ រូបដ៏ទៃទៀត ដែលកំពុងតែ បំពេញការងារ យ៉ាងសកម្មក្នុង ប្រទេសកម្ពុជា បាននឹងកំពុងដើរតួយ៉ាង សំខាន់ ក្នុងការ ផ្តល់ជូននូវកម្មវិធី ជំនួយឥតសំណង ក្នុងការចូលរួម ជួយដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនឹង ជួយ ជំរុញក្នុងការ ផ្លាស់ប្តូរធនធាន មនុស្ស ព្រមទាំងជួយពង្រឹង ប្រសិទ្ធភាពនៃជំនួយ បរទេសរបស់ ប្រទេសកូរ៉េក៏ ដូចជាធ្វើឲ្យ កាន់តែប្រសើរ ឡើងនូវការយោគយល់ គ្នាទៅវិញទៅមក រវាងប្រទេសទាំង ពីរ កូរ៉េ-កម្ពុជា ៕