ព្រៃវែង៖ កាលពីពេលកន្លងទៅថ្មីៗនេះលោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតី នៅក្នុងពិធីកិនកម្ទេច ឧបករណ៍ឆក់ត្រី អាំងវែទ័រ ចំនួន ៥០២ គ្រឿង ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកពាមជ័រ ខេត្តព្រៃវែង។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានអានរបាយកាណ៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីលទ្ធផលការងារកន្លងមក ដូចជាយន្តការផ្សព្វផ្សាយ ច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងការងារ គ្រប់គ្រងធនធានជលផល ការងារវារីវប្បកម្ម ដាំព្រៃលិចទឹក និងយុទ្ធការបង្ក្រាបបទល្មើសជលផល ទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយវត្ថុតាងភាគច្រើន ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ព្រមទាំងរៀបចំធ្វើពិធីកម្ទេចចោល នូវឧបករណ៍ឆក់ត្រីចំនួន ៥០២គ្រឿង នាពេលនេះ ។ បន្ទាប់ពីមតិចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ពីសំណាក់លោកចាន់ ដេត អភិបាលស្រុកពាមជ័រ និង លោក អ៊ុំ ប៊ុនឡេង អភិបាលរងខេត្តព្រៃវែង ដោយ សម្តែងនូវការគាំទ្រសកម្មភាព របស់រដ្ឋបាលជលផល នៅក្នុងការបង្រ្កាប បទល្មើសជលផល ស្របទៅនឹងគោលនយោបាយ កំណែទម្រង់ដ៏ស៊ីជម្រៅនៃវិស័យ ជលផល។
លោក ណៅ ធួក បានមានប្រសាសន៍ថា ការរៀបចំឲ្យមានពិធី កិនកម្ទេចឧបករណ៍ឆក់ត្រី (អាំងវែទ័រ) នាពេលនេះ គឺជាព្រឹត្តិការណ៍មួយ បង្ហាញឲ្យឃើញពីកិច្ច សហការរួមគ្នា រវាងអង្គភាពជំនាញរដ្ឋបាល ជលផល អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆន្ទៈប្រយុទ្ធប្រឆាំង បទល្មើសអនាធិបតេយ្យ នៅក្នុង វិស័យជលផល ហើយការធ្វើពិធីកម្ទេចឧបករណ៍ឆក់ត្រី នាពេលនេះ គឺស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបូកសរុបវាយតម្លៃ អំពីលទ្ធផលបង្រ្កាប បទល្មើសជលផលនៅទូទាំងប្រទេស និងកំណត់ចេញនូវទិសដៅ វិធានការអនុវត្តបន្ត តាមរយៈជំរុញយន្តការអនុវត្តច្បាប់និង លិខិតបទដ្ឋាន ដែលទាក់ទិនទៅនឹង ការងារគ្រប់គ្រងធនធានជលផល នៅក្នុងដំណាក់កាលថ្មី ដែលវិស័យជលផល កំពុងស្ថិតនៅលើមាគ៌ាកំណែទម្រង់ ដ៏ស៊ីជម្រៅ។ ខណៈនោះដែរ លោក ណៅ ធួក និង លោកអភិបាលរងខេត្តព្រៃវែង ក៏បានឡើងបញ្ជាគឿងចក្រ កិនកម្ទេចឧបករណ៍ឆក់ត្រី (អាំងវែទ័រ)ចំនួន ៥០២គ្រឿង ដែលសមត្ថកិច្ចរដ្ឋបាល ជលផលចាប់រឹបអូសពីជនល្មើស នៅក្នុងសកម្មភាពឆក់ត្រីកន្លងមក៕