គីតូ៖ យោងតាមទី ភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោក ប្រធានាធិបតី អេក្វាទ័រដែល ទើបជាប់ ឆ្នោតសាជាថ្មី រ៉ាហ្វអ៊ែល ខររៀ បានប្រារព្ធនូវពិធី អបអរសាទរ ចំពោះការ ទទួលបាន សម្លេងគាំទ្រនាំមុខ នៃគណបក្សរបស់ លោកនៅក្នុងសភាជាតិ និង រដ្ឋាភិបាលក្នុងតំបន់។
លោក ខររៀ បាននិយាយរយៈពេល ២ថ្ងៃបន្ទាប់ពី ការបោះឆ្នោតកាល ពីថ្ងៃអាទិត្យសប្តាហ៍មុន នេះថា “ជាមួយ នឹង ការ គាំទ្ររបស់ប្រជាជន យើងបានឈ្នះនៅខេត្តចំនួន ២៣ ក្នុងចំណោម ខេត្តទាំង ២៤ទូទាំងប្រទេស ហើយយើង ក៏បាន ឈ្នះសម្លេងគាំទ្របានជាង ២ ភាគ ៣ នៅក្នុង រដ្ឋសភាជាតិរបស់ប្រទេសអេក្វាទ័រ ផងដែរ។”
យោងតាមការ រាប់យ៉ាងរហ័ស របស់អង្គការក្រៅ រដ្ឋាភិបាលមួយ បានឲ្យដឹងថា គណបក្សដឹក នាំអំណាច មានឈ្មោះ ថា ចលនាសម្ព័ន្ធ PAIS បានឈ្នះកៅអី ២ភាគ ៣នៅក្នុងសភាជាតិ ដោយសម្លេងគាំទ្រនោះ គឺ ៩១ លើ ១៣៧ កៅអី។ បន្ទាប់ពីជាប់ឆ្នោតនេះ គណបក្សរបស់ លោក ខររៀ ក៏នឹងរួមជា មួយគណបក្ស សម្ព័ន្ធរបស់ខ្លួន ផ្សេងទៀតផងដែរ ដើម្បីបង្កើតបាននូវ រដ្ឋចំរុះថ្មីមួយ សម្រាប់អណ្ណតិថ្មី របស់លោក។
គួរបញ្ជាក់ ផងដែរថា គណបក្សដឹកនាំ អំណាចនៃ ប្រទេសអាមេរិក ឡាទីនមួយនេះ អាចនឹង កើនឡើង បន្ថែមនូវ សម្លេងគាំទ្ររបស់ខ្លួន ស្របពេលដែលជនជាតិរបស់ខ្លួនដែលរស់នៅ បរទេស អាចមានសិទ្ធិក្នុងការបោះឆ្នោតផងដែរ ដោយពួកគេមានសម្លេងអាចជ្រើសតាំង តំណាងរាស្ត្រ បានរហូតដល់ ៦រូបឯណោះមកអង្គុយក្នុងសភាជាតិ។