ភ្នំពេញ៖ ពឹ្រត្តិការណ៍ដ៏គួរឲ្យហួសចិត្តគឺ ស្រ្តីម្នាក់ស្រវឹងស្រាជោគខ្លួនទាស់ពាក្យសម្តី ជាមួយប្តីបន្តិចបន្តួច លួចទិញសាំងដុតផ្ទះម៉ត់ខាននៅ។ ចំណែកឯប្តីនិងសាច់ ញាតិបានត្រឹមសម្រក់ទឹកភ្នែកស្តាយផ្ទះ ដែលស្ត្រីជាប្រពន្ធចិត្តសាហាវដុតចោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងក្រុមទី៥ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ផ្ទះមួយខ្នងដែលត្រូវជា ម្ចាស់ដុតចោលខាងលើនេះ មានទំហំ បណ្តោយ៨ម៉ែត្រ និងទទឹង៦ម៉ែត្រ ធ្វើអំពីឈើលើ សសរថ្ម និងមានយ៉ាកខាងក្រោយផ្ទះ ត្រូវអគ្គិភ័យ ឆេះម៉ត់ទាំងស្រុងតែម្តង ក្នុងរយៈពេលតែ២០នាទីតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋនៅជិតចំណុចកើតហេតុបានឲ្យដឹងថា ស្រ្តីខាងលើនេះ មានឈ្មោះ ឈើត ស្រីម៉ៅ អាយុ៤០ឆ្នាំ និងប្តីឈ្មោះ ជុន ចាន់ អាយុ៤២ឆ្នាំ មុខរបរជាកសិករ។
ទាក់ទិននឹងការឆេះខាងលើនេះ មុនពេលកើតហេតុ ស្រ្តីឈ្មោះ ឈើត ស្រីម៉ៅ បានទៅផឹកស្រា នៅផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងភូមិ ពេលស្រវឹង បានត្រឡប់មក ផ្ទះរករឿងប្តីបង្ក ជាទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បុរសជាប្តីឈ្មោះ ជុន ចាន់ បានខាំមាត់សង្កត់ចិត្តដើរចេញពីប្រពន្ធ មិនចង់ឲ្យមានរឿង ប៉ុន្តែប្រពន្ធចិត្តតិរច្ឆាន បានលួចទៅទិញសាំងមកដុតផ្ទះចោល ខ្ទេចម៉ត់អស់ខានស្នាក់នៅ។
ជុំវិញហេតុការណ៍នេះដែរ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌ បានអន្តរាគមន៍ជួយពន្លត់ដែរ ប៉ុន្តែ ដោយសារតែ អណ្តាតភ្លើងឆាបឆេះខ្លាំង និងមានខ្យល់មកខ្លាំងនោះ ក៏មិនអាចទប់ស្កាត់បាន ទើបបណ្តោយឲ្យអគ្គិភ័យនេះ ឆេះបំផ្លាញផ្ទះពីរខ្នងខាងលើ ម៉ត់គ្មានសល់តែម្តងទៅ។
បន្ទាប់ពីកើតហេតុ ដោយសារតែទទួលបានដំណឹងពីប្រជាពលរដ្ឋថា ស្រ្តីឈ្មោះ ឈើត ស្រីម៉ៅ ជាអ្នកដុតផ្ទះ សមត្ថកិច្ចក៏សំរេចឃាត់ខ្លួនស្រ្តីរូបនេះ ទៅកាន់ ទីស្នាក់ការប៉ុស្តិ៍សាក់សំពៅ ដើម្បីធ្វើការសាកសួរ។ ប៉ុន្តែប្រជាពលរដ្ឋក៏បានបញ្ជាក់ថា ស្រ្តីនេះជាមនុស្សមិនសូវគ្រប់ គឺមនុស្សប្រសៃប្រសាទ។ អ្វីដែលគួរអាសូរ គឺបុរសជាប្តី និងក្រុមសាច់ញាតិរួមទាំងកូន របស់ស្រ្តីបង្កហេតុខាងលើនេះ ម្នាក់ៗយំស្រែក ព្រោះតែស្តាយលំនៅឋាន និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដែលខិតខំរក្សាទុក តាំងពីជំនាន់ប៉ុលពត រហូតមកដល់ពេលនេះ ត្រូវស្រី្តជាសាច់ញាតិដុតបំផ្លាញគ្មានស្រណោះ៕
ស្រ្តីស្រវឹងស្រា ឈ្មោះ ឈើត ស្រីម៉ៅ ដុតផ្ទះរបស់ខ្លួនឯងចោល