ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ជាង៤០០នាក់ ដែលបម្រើការងារនៅរោងចក្រ Global Footwear មានទីតាំងស្ថិតនៅ ភូមិដំណាក់អម្ពិល ឃុំដំណាក់អម្ពិល ស្រុក អង្គស្នួល ខេត្តកណ្តាល បានធ្វើកូដកម្មដើម្បីទាមទារ លក្ខខណ្ឌការងារចំនួន ៦ចំណុចពីថៅកែ។
លោក កុយ វាសនា ជាកម្មករម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ថា ក្រុមមកម្មករបានផ្ទុះកូដកម្ម ដើម្បីស្នើសុំលក្ខខណ្ឌ ការងារ ចំនួន៦ចំណុច ហើយក្នុងចំណោមនោះ មានមួយចំណុចថៅកែ បានគាបសង្កត់មកលើក្រុមកម្មករជាខ្លាំង ដោយគ្រាន់តែពួកគេចូលក្នុងបន្ទប់ទឹក បានកំណត់ពេលវេលា ដោយមានការកត់ឈ្មោះ ជាច្រើនដំណាក់ថែមទៀតផង។
លោកបន្តថា “សុំកុំឲ្យថៅកែចិនគាបសង្កត់កម្មករខ្លាំង ក្នុងលក្ខណៈចង់ផ្លាស់ប្តូរទៅផ្នែកនេះ ផ្នែកនោះ តាមអំពើចិត្តពេក ហើយសូម្បីតែទៅបង្គន់ កំពុងតែបត់ជើងធំគេ (ថៅកែ) បញ្ជាឲ្យកូនចៅ ដើរគោះទ្វារគ្រប់បន្ទប់ទាំងអស់”។
លោកបន្ថែមថា បញ្ហានេះបានកើតឡើងមកជាយូរហើយ ប៉ុន្តែពួកកម្មករ ចេះអត់ទ្រាំរហូតមក ទើបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស៊ូទ្រាំលែងបាន ក៏ផ្ទុះកូដកម្មតែ ម្តងទៅ ហើយប្រសិនបើពុំមានដំណោះស្រាយទេ ក្រុមកម្មករនៅតែបន្តធ្វើកូដកម្ម ទាល់តែមានដំណោះស្រាយ។
លោក សយ ចន្ធូ មន្រ្តីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា ក្រុមកម្មករផ្ទុះកូដកម្ម ដោយសារតែអត់ទ្រាំលែងបាន ចំពោះការជិះជាន់មក លើក្រុមកម្មករពីថៅកែរោងចក្រ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ពុំទាន់អាចទាក់ទងខាង ភាគីរោងចក្រ ដើម្បីឲ្យបំភ្លឺជុំវិញការទាមទារ និងចោទប្រកាន់ពីក្រុម កម្មករបាននៅឡើយ។
លក្ខខណ្ឌការងារទាំង ៦ចំណុច របស់កម្មករទាមទារនោះរួមមាន៖
ទី១-ស្នើសុំលុយបាយថ្ងៃត្រង់ ១៣ដុល្លារ ក្នុងមួយខែ
ទី២-មិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង
ទី៣-សុំម៉ាស៊ីនស្គេនមេដៃបន្ថែមទៀត
ទី៤-ពេលកម្មករទៅបន្ទប់ទឹក មិនត្រូវកត់លេខកាតជាច្រើនកន្លែង ដើម្បីទុកគំរាមកម្មករ
ទី៥-ស្នើសុំឲ្យមានដំឡើងប្រាក់ខែដូចគ្នានៅផ្នែកការងារដូចគ្នា
ទី៦-មិនត្រូវដកកម្មករទៅផ្នែកផ្សេងតាមអំពើចិត្តនោះទេ៕