ភ្នំពេញៈ ក្រុមហ៊ុន អនឡាញ (ONLINE) បានរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅ បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីច្បាប់ចរាចរណ៍ នៅប្រទេសកម្ពុជា ជូនដល់សិស្ស-និស្សិតនានា ក្នុងសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។
លោកចេវ ហាក់ អនុប្រធានការិយាល័យ សណ្តាប់ធ្នាប់ចរាចរណ៍ រាជធានីភ្នំពេញ ក៏បានធ្វើការលើកឡើង អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញនាពេល បច្ចុប្បន្ននេះផងដែរ។ លោកវរៈសេនីយ៍ត្រី រូបនេះ បានធ្វើការណែនាំ អំពីស្លាកសញ្ញាចរាចរណ៍ផ្លូវគោកជូនដល់ សិស្ស និស្សិតទាំងអស់ ដែលបានចូលរួម ព្រមទាំងដាស់តឿន ក្រើនរំឮកសិស្ស និស្សិតទាំងអស់ ឲ្យត្រូវតែយល់ ច្បាស់នូវស្លាកសញ្ញាចរាចរណ៍ ហើយត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។
លោកស្រី លុយ កូឡាប ទីប្រឹក្សាបច្ចេកទេស គម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហម បានបង្ហាញនូវ របៀបប្រើប្រាស់ មួកសុវត្ថិភាព និងការអប់រំស្តីអំពី ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលមក ពីការមិនប្រើមួកសុវត្ថិភាព ក៏ដូចជាការប្រើប្រាស់មិនបានត្រឹមត្រូវផងដែរ។ ជាមួយគ្នានេះដែរ អនឡាញ (ONLINE) ក៏បានចូល រួមឧបត្ថម្ភ ជាថង់ក្រណាត់ សៀវភៅ ប៊ិចអនឡាញ និងសម្ភារៈផ្សេងៗទៀត ដែលមាន ដូចជា អាវយឺត មួកសុវត្ថិភាព ផងដែរ ដើម្បីជូនជាកាដូដល់សិស្ស និស្សិត ដែលបានចូលរួម ក្នុងកម្មវិធី សំណួរ-ចម្លើយសី្តអំពីច្បាប់ចរាចរណ៍ជើងគោកនេះ។
កញ្ញា ហង្ស ស្រីរ័ត្ន និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ការរៀបចំឡើង នូវ សិក្ខាសាលានេះ បានធ្វើឲ្យនាងយល់ដឹងកាន់តែច្បាស់ នូវស្លាកសញ្ញាចរាចរណ៍។ នាង នឹងចូលរួម ធ្វើការ ផ្សព្វផ្សាយបន្ត នូវចំណេះដឹងដែលទទួលបានក្នុងថ្ងៃនេះ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ដើម្បី ឲ្យប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា យល់ដឹងកាន់តែច្បាស់ នូវច្បាប់ចរាចរណ៍ជើងគោកនេះ ៕