ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះលោកស្រី ប៉ាក់ គុនហេ ប្រធានាធិបតីនៃសាធារណរដ្ឋ កូរ៉េខាងត្បូង សំរាប់ការងារអាណត្តិទី៥ ដែលរដ្ឋាភិបាលកម្ពុជា និងបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។
សម្តេចបានមានប្រសាសន៍ក្នុងលិខិតអបអរសាទរថា តាងនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសំដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ក្នុងពិធីចូលកាន់ដំណែងជាផ្លូវការ និងចាប់ផ្តើមការងារក្នុងអាណត្តិ៥ឆ្នាំ ជាប្រធានាធិបតីស្រ្តីភេទលើកទីមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់សាធារណរដ្ឋកូរ៉េ។
សម្តេចមានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ជំទាវ ប្រជាជនកូរ៉េ នឹងកាន់តែរឹងមាំ និងទទួលបាននូវវិបុលភាពនិងសុភមង្គល។ សម្តេចថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួន និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីបន្តពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏វិសេសវិសាល និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សំរាប់ប្រទេស និងប្រជាជាតិ ទាំងពីរ។
សម្តេចសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ភាគីទាំងពីរមានឱកាស ជួបគ្នាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាផលប្រយោជន៍រួម និងសាជាថ្មីម្តងទៀត សូមឲ្យលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមប្រសិទ្ធិពរបវរប្រសើរ ជូនចំពោះលោកជំទាវ ប្រកបតែសុខភាពល្អ និងទទួលបានជោគជ័យដ៏ធំធេង ក្នុងការបំពេញភារកិច្ច របស់លោកជំទាវនាពេលខាងមុខ៕