កណ្តាល: ឧត្តមសេនីយ៍ឯក ណឹម ម៉េង មេបញ្ជាការរងកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន និងជាប្រ ធានគណៈពង្រឹងមូលដ្ឋានឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានថ្លែង ប្រកាសជួយឧបត្ថម្ភដល់គ្រួសារ ដែលជួបនូវមរណទុក្ខ និងប្រជាពលរដ្ឋដែលរៀបការកូន។ ជាមួយគ្នានេះលោកក៏បានជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសយកចិត្តទុកដាក់រក្សាការពារ សុវត្ថិភាពភូមិ ឃុំឲ្យកាន់តែប្រសើរឡើង ។
ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលលោក ណឹម ម៉េង បានមានប្រសាសន៍សំណេះសំណាលជាមួយ ប្រជាពលរដ្ឋជាសមាជិកបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំជាងមួយពាន់គ្រួសារ នៅក្នុងវត្តស្អាងស្រែ ស្ថិតក្នុង ភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១២។
ក្នុងឱកាសសំណេះសំណាលលោកឧត្តមសេនីយ៍ឯក ណឹម ម៉េង មានប្រសាសន៍ថា ជំនួសមុខឲ្យនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោកសូមប្រកាសជូនដល់ ប្រជាពលរដ្ឋឃុំស្អាងភ្នំទាំងអស់ ដោយមិន ប្រកាន់និន្នាការនយោបាយគណបក្សណាទេ។ ប្រសិនបើក្រុមគ្រួសារណាជួបនូវទុក្ខមរណៈ លោកនឹង ចាត់តាំងមន្រ្តីសមាជិកបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមបុណ្យសព ដោយភ្ជាប់នូវបច្ច័យ រួមមរណទុក្ខ ចំនួនដប់ម៉ឺនរៀល និងគ្រួសារប្រជាពលរដ្ឋណា ដែលរៀបការកូន ក៏ទទួលបានការឧបត្ថម្ភថវិកា ចំនួនដប់ ម៉ឺនរៀលដូចគ្នាដែរ ។
រីឯប្រជាពលរដ្ឋឃុំស្អាងភ្នំទាំងអស់ ដែលពីមុនត្រូវទៅធ្វើស្លាកលេខម៉ូតូនៅមន្ទីរសាធារណការខេត្ត កណ្តាលនោះ ចាប់ពីពេលនេះទៅគឺធ្វើនៅត្រឹមសាលាស្រុកស្អាង ដោយមានមន្រ្តីជំនាញ រង់ចាំបំពេញ បែបបទជូន ដោយអស់តម្លៃក្នុងម៉ូតូមួយគ្រឿង តែ១៥ដុល្លារ ប្រាំកាក់ប៉ុណ្ណោះ ។
លោក ណឹម ម៉េង មានប្រសាសន៍បន្តថា ការធ្វើរបៀបនេះ គឺជាការជួយសម្រួល និងកាត់បន្ថយការ ចំណាយពេលវេលា និងលុយកាក់របស់ប្រជាពលរដ្ឋ។ ទាក់ទិនទៅនឹងការបោះឆ្នោតសកលនាពេលខាង មុខ លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង ក៏បានពន្យល់ណែនាំដល់សមាជិកក្រុមបក្ស ឲ្យទៅពិនិត្យឈ្មោះ បោះឆ្នោតឲ្យបានគ្រប់គ្នា។
លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ជំរុញឲ្យសមាជិកបក្សទាំងអស់ ជួយពន្យល់ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតដូចជាចាស់ៗ ណែនាំឲ្យពួកគាត់គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវល្អ បើយើង គូសមិនចំក្រឡោនទេ សន្លឹកឆ្នោតនឹងត្រូវចាត់ទុកជាមោឃៈ ដូច្នេះដើម្បីកុំឲ្យខាតសន្លឹកឆ្នោតជាអសារ បង់ សូមគូសឲ្យចំប្រឡោះដែលបានណែនាំ។
ក្រៅពីការសំណេះសំណាល លោក ណឹម ម៉េង និងលោកស្រី រួមទាំងសាច់ញាតិ អមដំណើរដោយមន្រ្តី គណៈពង្រឹងឃុំស្អាងភ្នំជាច្រើនរូប បានអញ្ជើញចូលរួមកាន់បិណ្ឌ ប្រគេនចង្ហាន់ ទេយ្យទាន បច្ច័យ ជូន ដល់ព្រះសង្ឃ និងធ្វើពិធីរាប់បាត្រឧទ្ទិសកុសល្យដល់បុព្វការីជន និងធ្វើការបួងសួងសុំសេចក្តីសុខឲ្យកើត មាន ដល់គ្រួសារខ្មែរទូទាំងប្រទេសកម្ពុជាផងដែរ ៕