ភ្នំពេញ៖ ប្រទេសជប៉ុនបាន ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ សម្រាប់សាងសង់អគារ បណ្តុះបណ្តាល នៅមន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម ដែលគិតជាទឹកប្រាក់មាន ចំនួន១២៣,៣៤០ដុល្លារ។
លោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំកម្ពុជាមាន ប្រសាសន៍នៅ ក្នុងពិធីចុះ ហត្ថលេខា លើកិច្ច សន្យាផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ របស់ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ថា ជំនួយនេះសម្រាប់ គម្រោងសាងសង់ អគារបណ្តុះបណ្តាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលមានរួមសាលឧទ្ទេស បន្ទប់ហ្វឺកហាត់ កន្លែងស្នាក់នៅនិងបន្ទប់ធនធាន។
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជំនួយជាង១២ម៉ឺនដុល្លារ សម្រាប់សាងសង់អគារ សល្យសាស្រ្ត និងសម្ពភ រោគស្រី្ត អគារវះកាត់ សាលប្រតិបត្តិការវះកាត់ ផ្នែកសង្គ្រោះ បន្ទាន់និងថតឆ្លុះ ដោយបំពាក់ម្ភារៈបរិក្ខាពេទ្យចាំបាច់ ។
លោកបន្តថា គម្រោងដែលចុះហត្ថលេខា នាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់បុគ្កលិកសុខាភិបាល សិស្ស និស្សិត កពីខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចូលរួមក្នុង វគ្គបណ្តុះបណ្តាលនៅ មន្ទីរពេទ្យប្រមាណ១០០០នាក់។
លោកបញ្ជាក់ថា”ខ្ញុំជឿថាអគារបណ្តុះបណ្តាលថ្មីនេះ និងជំនួយដទៃទៀត ដែលបានផ្តល់ ដោយរដ្ឋាភិបាលជប៉ុន ជូនដល់មន្ទីរពេទ្យ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ សមត្ថភាពរបស់បុគ្គលិក សុខាភិបាល និងគុណភាពនៃសេវាសុខាភិបាលក្នុងមន្ទីរពេទ្យ”។
លោក ជា មាស ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសជប៉ុន ដែលបានផ្តល់ជំនួយ ជាថវិកាសម្រាប់ ការសាងសង់អគារ បណ្តុះបណ្តាលនាពេលនេះ៕