ភ្នំពេញ៖ រថយន្តពីរគ្រឿង មួយម៉ាកលុច្សស៊ីស RX300 និងមួយគ្រឿងទៀត ម៉ាកព្រូស បើកបុកគ្នា ពេញទំហឹង ខណៈកំពុងបើកបរ តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២ និង៣០នាទីយប់ ឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ បណ្តាលឲ្យ រថយន្តរងការ ខូចខាតយ៉ាង ដំណំទាំងសងខាង ។
តាមប្រភពពត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកមួយគ្រឿង ម៉ាកលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E-1111 បើកបរតាមបណ្តោយ ផ្លូវ៤៣២ ក្នុងទិសដៅពី កើតទៅលិច លុះបើកមកដល់ចំណុច ផ្លូវកែង១៦៣ បានបុកគ្នាជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-1988 ដែលកំពុងបើកតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅ ពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យរថយន្ត រងការខូចខាតទាំងសងខាង តែមិន បណ្តាលឲ្យនរណាម្នាក់ រងរបួសឡើយ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានសម្រេចចិត្តសុំ សមត្ថកិច្ចយករថយន្ត ទៅជួសជុលរៀងៗខ្លួន ដោយពុំមានខាងណាចេញថ្លៃសង ជូនខាងណាឡើយ ព្រោះពួកគេបើកបរខុសច្បាប់ទាំងពីរនាក់៕