Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថ្ងៃមាឃបូជា

$
0
0

ភ្នំពេញ៖ ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គឺជា ថ្ងៃមាឃបូជា ចាត់ជាថ្ងៃដែលមានសារសំខាន់ សម្រាប់ពុទ្ធសាសនិកជនខ្មែរ ព្រោះថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទាន ឱវាទបាដិមោក្ខដល់មហាសង្ឃ  សន្និបាតក្នុងវត្តវេឡុវ័ន ដែលជា វត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤ យ៉ាង កើតឡើង គឺ៖

១. ព្រះសង្ឃសមណៈទូត ១២៥០ អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយគោលធម៌ បានវិលត្រឡប់មកចូលគាល់ ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា  (សព្វេ ខីណាសវា) ។

២. ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បំបួសឲ្យដោយផ្ទាល់ ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)

៣. ព្រះសង្ឃទាំងអស់ សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ បានរលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា)

៤. ថ្ងៃដែលព្រះសង្ឃទាំងអស់ ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺ កិច្ចប្រជុំប្រកបដោយអង្គ ៤។

ចតុរង្គសន្និបាតនេះ ប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណ កន្លងហើយបាន ៩ខែ គឺ  មុន ព.ស. ៤៥ ឆ្នាំ។

មូលហេតុសំខាន់ ដែលព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មី ខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនា ព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែងប្រារព្ធពិធីលាងជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅ គាល់ព្រះបរម សាស្តា ដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាង សុករខាតាមកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃ អង្គនីមួយៗធ្វើដំណើរទៅវត្តវេឡុវ័ន ដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរសព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។

តើព្រះសង្ឃទាំង ១២៥០ អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង ១២៥០ អង្គនោះ គឺ

ក. សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន ៥០០ អង្គ

ខ. សិស្សគណរបស់ព្រះនទីកស្សបៈចំនួន ៣០០ អង្គ

គ. សិស្សគណរបស់ព្រះគយាកស្សបៈចំនួន ២០០ អង្គ

ឃ. សិស្សគណរបស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានចំនួន ២៥០ អង្គ

សរុបព្រះសង្ឃទាំងអស់ ១២៥០អង្គ ដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ ព្រះនទីកស្សបៈ ព្រះគយាកស្សបៈ ព្រះសារីបុត្រ និង ព្រះមោគ្គល្លាននោះទេ បើរាប់ បញ្ចូល ៥ អង្គនេះទៀតបានជា ១២៥៥ អង្គ។

ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទើបទ្រង់ឆ្លៀតឱកាសនោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១២៥០ អង្គនោះ ដោយទ្រង់កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ៥ ចំណុច គឺ 

ក. ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ។ (អភ័យទានផ្នែកនយោបាយ)

ខ. គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់ របស់ព្រះពុទ្ធសាសនា។ (សាធារណៈប្រយោជន៍)

គ. វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ។ (សិទ្ធិមនុស្ស)

ឃ. គោលការណ៍ មាន ៣ចំណុច គឺ

·         មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)

·         ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)

·         ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)

ង. វិធីសាស្ត្រ  មាន ៦ ចំណុច គឺ

·         មិនបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)

·         មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)

·         គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)

·         ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)

·         អង្គុយ ឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)

·         ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។

ទាំង ៥ ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។

www.dap-news.com

ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌ ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជា បានប្រយោជន៍អ្វីខ្លះ?

ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ

១. ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារសំខាន់នៃថ្ងៃមាឃបូជានេះ។

២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

៣. បណ្តុះសទ្ធាជ្រះថ្លា កាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជា ម្ចាស់។

៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ។

៥. បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថា បុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀប ដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើក ស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនា មិនមែនជាការងារធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញ ជាការជួយលើក ស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ចំណុចទី ២ ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺ បណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុលស នោះឯង៕ (ដកស្រង់ ចេញពីគេហទំព័រ ព្រះពុទ្ធសាសនាខ្មែរ)


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>