ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កៀងគរសកម្មជនរបស់ខ្លួន ដែលមានបញ្ហាដីធ្លី និងបញ្ហាផ្សេងៗពីបណ្តាខេត្តនានាមកប្រជុំគ្នា តាមរយៈ សិក្ខាសាលា ដោយលើកឡើងពីបញ្ហា ដែលពួកគេធ្លាប់បានជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ និងវិធីការពារខ្លួននៅពេលជួបបញ្ហា ប្រឈម ទាំងអស់នេះ។
សិក្ខាសាលាធ្វើតែមួយព្រឹកនេះ ស្តីពី ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់សម្រាប់ការការពារខ្លួន រៀបចំដោយមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា។
អ្នកសម្របសម្រួលគម្រោងគាំទ្រ អ្នកការពារសិទ្ធិមនុស្ស លោក សួន ប៊ុនធឿន បានមានប្រសាសន៍ថា គោលបំណង នៃការធ្វើសិក្ខាសាលានេះ ដើម្បីជជែកគ្នាពីដំណោះស្រាយ និងស្វែងរកវិធីការពារខ្លួនមួយចំនួនក្នុងការដោះស្រាយជំលោះ ឬបញ្ហាដែលប្រឈមមុខ សម្រាប់ក្រុមសកម្មជន។
លោកបានបន្តថា “ការជជែកគ្នានៅថ្ងៃនេះ មានសារសំខាន់ណាស់ សម្រាប់ក្រុមសកម្មជនទាំងអស់គ្នា ដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រ ផ្សេងៗសម្រាប់ធ្វើការដោះស្រាយ និងកាត់បន្ថយហានិភ័យ បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ”។
អ្នកតំណាងសហគមន៍បឹង៥ នៅខេត្តបាត់ដំបង់ លោកស្រី អឿន សារីម បានមានប្រសាសន៍ថា កន្លងមកសហគមន៍ ធ្លាប់ជួបបញ្ហាមួយចំនួនដូចជា ការគំរាមកំហែងដោយពាក្យសម្តី ឬកាយវិការ, ការបាញ់គំរាមពីបញ្ហាដីធ្លី ដោយអាជ្ញាធរ និងអ្នកមានអំណាចមួយចំនួន ជាបុគ្គលដែលគិតតែពី ប្រយោជន៍ផ្ទាល់ ខ្លួន។
លោកស្រីបានបន្ថែមថា “ដើម្បីការពារខ្លួនពីបញ្ហាទាំងនេះ សហគមន៍ប្រើច្បាប់ជាច្រើន ដែលស្តីពីច្បាប់ការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា បានចុះអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាសកល នៅទីក្រុងបារីស”។
សិក្ខាសាលា ស្តីពី ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់ សម្រាប់ការការពារខ្លួន ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ព័ន្ធកិច្ចឯកភាពគ្រឹស្ទបរិស័ទ ភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលមានការចូលរួម ពីមន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងមន្រ្តីជំនាញ ព្រមទាំងសកម្មជនដែលមកពី ខេត្តច្រើនជាង១០៖ សៀមរាប, កំពង់ចាម, បាត់ដំបង, កំពត, បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត៕