ភ្នំពេញ ៖ គូស្នេហ៍ ដែលភាគីប្រុសជា ពោះម៉ាយ និងភាគីស្រី ជាមេម៉ាយ ហើយ ជិតរៀបចំពិធីសែនព្រេន នៅពេលខាងមុខ ដ៏ខ្លីនេះ ក៏ជួបនូវហេតុ ការណ៍អាក្រក់ បន្ទាប់ ពីតួអង្គប្រុស បានយកកាំបិតចុងស្រួចចាក់ចំ ភ្នែកតួអង្គស្រី ដោយសារតែរឿងប្រច័ណ្ឌ។
អំពើឃាតកម្មដោយសាររឿងប្រច័ណ្ឌ ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ជនរងគ្រោះដែលបច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត មានឈ្មោះសៅ ស៊ីណា អាយុ៣៤ឆ្នាំ រីឯ តួអង្គប្រុស ដែលកំពុងរត់គេចខ្លួននោះ មិន ទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។
បើតាមសេចក្ដីរាយការណ៍ មុនពេល កើតហេតុ អនាគតប្ដីប្រពន្ធ ដែលគ្រោងសែន ព្រេនជាមួយគ្នាខាងលើនេះ មានទំនាស់ពាក្យសំដី ដោយសារតែរឿងប្រច័ណ្ឌ ស្រាប់តែតួអង្គប្រុសទប់កំហឹងមិនបាន ក៏យកកាំបិតចុងស្រួច ចាក់មកលើភ្នែកតួអង្គស្រី បណ្ដាលឱ្យរងរបួសធ្ងន់ និងផ្អើលឆោឡោដល់ដល់សមត្ថកិច្ច ។
ភ្លាមៗនោះ ជនបង្កត្រូវបានចាប់ខ្លួន ប៉ុន្ដែដោយសារតែជាប់រវល់ការជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតនោះ ធ្វើឱ្យជនបង្កជាអនាគតប្ដីហេងស៊យរូបនេះ រត់គេចខ្លួនបាត់ទៅ ។
ហើយបច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រីឯជនបង្កត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ។