កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង មានអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប ដឹកនាំ ដោយលោក ហុង ហ៊ី នាយអធិការដ្ឋាន និងលោក មៀក សឿង នាយរងអធិការដ្ឋានជលផល ខាងត្បូងបឹងទន្លេសាប កម្លាំងរដ្ឋបាលេជលផលខេត្ត ដឹកនាំដោយលោក ប្រាក់ លៀង នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ប្រាក់ វុឌ្ឍី ស្នាងការរងនិងលោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ កម្លាំងសឹករង ស្រុក ដឹកនាំដោយលោក មាន់ អ៊ានលី អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង និងកម្លាំង ក២ សឹករងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានបើកយុទ្ធនាការ ចុះបង្ក្រាបបទល្មើសជលផល នៅលើផ្ទៃបឹងទន្លេសាប ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក មៀក សឿង នាយរងអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប បានឲ្យដឹងថា យុទ្ធនាការពីរថ្ងៃខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើសកម្មភាពរុះរើរបាំងសាច់អួន និងឈូសដោយរុះរើការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រីដោយលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ សមត្ថកិច្ច ចម្រុះបានរុះរើរបាំងសាច់អួន នៅតំបន់វាលភក់ បានចំនួន២៥កន្លែង ប្រវែង១៦០០ម៉ែត្រ លបលូចំនួន៨មាត់ បង្គោលចំនួន២៩៨០ដើម ព្រមនិង ចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹងធម្មជាតិវិញ បានចំនួន៣២៥គ.ក្រ ដោយឡែកនៅថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ បំផ្លាញ ចោលការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រី នៅចំណុចអតីតឡូត៍លេខ៥ បានចំនួន៦កន្លែង ស្មើនឹង១៦០០កង ។
សំរាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ច បានរុញបំផ្លាញចោល ការដាក់សំរាស់ នៅចំណុចចុងព្រែកអូរដូនតី ស្ថិតនៅក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង លទ្ធផលឈូសបំផ្លាញចោលការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រីបានចំនួន១៦កន្លែង នៅក្នុងនោះដុំសំរាស់ ១៥ម៉ែត្រ គុណ២០ម៉ែត្រ ចំនួន៥ដុំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ចំនួន៧ដុំ ១៥ម៉ែត្រ គុណ ២៥ម៉ែត្រ ចំនួន៤ដុំ ។
លោក មៀក សឿង បានបញ្ជាក់អះអាងឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បន្តសកម្មភាពបង្ក្រាប ដោយគិតពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ហើយសកម្មភាពខាងលើនេះ នឹងធ្វើរហូតមិនបញ្ចប់ឡើយ គឺធ្វើឲ្យដូចជាភ្លៀងរលឹម ៕