ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេស បានសន្យាផ្តល់ជំនួយ ថវិកាបន្ថែម ចំនួន១,៤លានផោន ស្មើនឹង២,២ លាន ដុល្លារអាមេរិក ដល់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សាលាក្តី ខ្មែរក្រហម ដែលមជ្ឈមណ្ឌល ដើមអម្ពិល ទទួលបាន នៅ ថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃចក្រភពអង់គ្លេស លោក វីល្លៀម ហេក (William Hague) បានប្រកាសអំពីការ សន្យាថ្មីនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលនិយាយអំពីសាលាក្តី ខ្មែរក្រហម បានសរសេរថា «ចក្រភពអង់គ្លេសប្តេជ្ញាចិត្ត បន្តការគាំទ្រដល់ដំណើរ ការរបស់តុលាការ ហើយ ជំនួយថ្មី ដែលផ្តល់ជូន តាមការគ្រោងទុកនេះ នឹងផ្តល់នូវស្ថិរភាព ហិរញ្ញវត្ថុនៅក្នុង កាលៈទេសៈ ដ៏លំបាក់នេះ» ។
លោក ហេក ថ្លែងទៀតថា អង់គ្លេសនឹងបន្តអំពាវនាវដល់បណ្តាប្រទេស ជាដៃគូអន្តរជាតិ រួមទាំងរដ្ឋនានា ក្នុងតំបន់ឲ្យចូលរួមផ្តល់ ជំនួយដល់តុលាការ។
សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ប្រធានការិយាល័យរដ្ឋបាលស្តីទី លោក ក្រាញ់ តូនី និង លោក ឃ្នុត រ៉ូសិនហក អនុប្រធានការិយាល័យ បានឆ្លើយតបថា«ក្នុងមាន សាលាក្តីខ្មែរក្រហម ខ្ញុំសូមសម្តែង អំណរគុណចំពោះ ការសន្យាថ្មីនេះ ដែលឆ្លុះបញ្ចំាងទឹកចិត្តសប្បុរធម៌ របស់រដ្ឋាភិបាល អង់គ្លេស»។
អង់គ្លេស បានផ្តល់ជំនួយថវិកាដល់ សាលាក្តីខ្មែរក្រហម សរុបចំនួន ៧,៩លានដុល្លារអាមេរិក ក្នុងនោះ ៦,៤លានដុល្លារ សម្រាប់ភាគីអន្តរជាតិ និង ១,៥លានដុល្លារសម្រាប់ ភាគីជាតិ ចាប់តាំងពីពេល ចាប់តាំង ពីពេលចាប់ បដិសន្ធិនៃតុលាការនេះ ។ បូករួមទាំងការសន្យាថ្មីនេះ ជំនួយបុរសចក្រភព អង់គ្លេសឡើង ដល់ ១០,១ លានដុល្លារ ៕