កំពង់ធំ៖ លោក តេង សាវង្ស រដ្ឋលេខាធិកា ក្រសួងមហាផ្ទែ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះ សំណាល ជាមួយលោកយាយ លោកតាក្នុងឱកាសបុណ្យខួបគំរប់ ២៣ឆ្នាំ របស់សពព្រះគ្រូ កើត វ៉ាយ ព្រះចៅអធិការវត្ត សំរោងមាន ជ័យ ស្ថិតនៅឃុំកំពង់ស្វាយខេត្តកំពង់ធំ ។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោក តេង សាវង្ស បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហា ធម្មពោធិ៍សាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេច តេជោ ហុ៑ន សែន ព្រមទាំងកោតសរសើរដល់ស្នាដៃ កសាងរាល់សមិទ្ធិផលនានា ជា ច្រើន និងការការពារជាតិកន្លងមករបស់ព្រះគ្រូ កើត វ៉ាយ និងព្រះគ្រូចៅអធិការបច្ចុប្បន្ន បានបន្តរួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។
លោក តេង សាវង្ស ក៏បានលើកឡើងពីការរីកចំរើន របស់ប្រទេសជាតិទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ របស់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យជាដើម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហុ៑ន សែន ជានាយករដ្ឋមន្រ្តី។
លោក តេង សាវង្ស បានផ្តាំផ្ញើព្រះសង្ឃនិងយាយតាទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំកូនចៅ ឲ្យប្រព្រឹតតែអំពើ ល្អ ដើម្បីចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ចុងក្រោយ លោកតេង សាវង្ស បានប្រគេនបច្ច័យនិងភេសជ្ជៈ ដល់ព្រះសង្ឃ និងចែកជូនសម្ភារសិក្សាដល់សិស្សផងដែរ៕