- អាជ្ញាធរ កំពុងញាប់ដៃ តបណ្តាញចរន្តអគ្គិសនី ក្រោយពីដាច់ចរន្ត
សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកបណ្ឌិត ថោង ខុន បានអំពាវនាវឱ្យម្ចាស់សម្បទាទេសចរណ៍ នៅខេត្តសៀមរាបទាំងអស់ មេត្តារកមធ្យោបាយនានា ដើម្បីឱ្យមានចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីបម្រើភ្ញៀវ របស់ខ្លូន បន្ទាប់ចរន្តអគ្គិសនី នៅខេត្ត ត្រូវបានកាត់ផ្តាច់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ។
លោក ថោង ខុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជាវិ ធានការបឋម សូមម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត បញ្ឆេះម៉ាស៊ីនភ្លើងដោយខ្លួន ជាបណ្តោះអាសន្នសិន ដោយសារចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់។
បើតាមលោករដ្ឋមន្រ្តី ភ្ញៀវទេសចរ ប្រមាណពី៨ពាន់នាក់ទៅ១ម៉ឺននាក់ កំពុងស្នាក់នៅខេត្តសៀមរាប ដែលកំពុង មានចរន្តអគ្គិសនីកាត់ផ្តាច់នេះ។ «សូមម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាននានា ជួយសម្រួលដល់កិច្ចការនេះផង ។ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ជាពិសេសអគ្គិសនីកម្ពុជា កំពុងតែញាប់ដៃញាប់ជើងជួសជុលហើយ»។
បើតាមលោក ចៀម កោសេន ប្រធានអគ្គិសនីខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា រថយន្តដឹកថ្ម បុកជាមួយរថយន្តដឹកប្រហុក ធ្លាក់ស្នាមភ្លោះទៅបុកបង្គោលភ្លើង បាក់អស់ ១២ដើម និង១៩ដើម ទៀត ទ្រេត កាលពីវេលាម៉ោង៥ និង៥០នាទីទាបភ្លឺ ព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៣ លើកំណាត់ ផ្លូវជាតិលេខ ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា «ឥឡូវនេះ យើងកំពុងធ្វើការទាំងយប់ នៅកន្លែងកើតហេតុដើមតភ្ជាប់វាឡើងវិញ។ បើដំណើរដោយ រលូន និងគ្មានឧបសគ្គ យ៉ាងយូរថ្ងៃខានស្អែក (ថ្ងៃសៅរ៍) នឹងមានចរន្តវិញហើយ»។
ដើម្បីដោះស្រាយបញ្ហានេះ ជាបណ្តោះអាសន្ន លោក ចៀម កោសេន បានផ្គត់ផ្គង់ចរន្តភ្លើងចំនួន ១០មេហ្គាវ៉ាត់ នៅតាមទីសាធារណៈសំខាន់ៗ ខណៈនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋានផ្សេង ត្រូវបានស្នើឱ្យជួយ បញ្ឆេះម៉ាស៊ីនភ្លើងបណ្តោះអាសន្នសិន។ «ភ្លើងនៅខេត្តសៀមរាប នៅពេលថ្ងៃត្រូវការ ប្រមាណពី៣០ ទៅ៤០ មេហ្គាវ៉ាត់ រីឯពេលយប់រហូតដល់ ៥០មេហ្គាវ៉ាត់។ ប៉ុន្តែពេលនេះយើងអាចផ្គត់ផ្តង់បានដោយកន្លែងប៉ុណ្ណោះ»។
ព្រមគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានថ្លែងផងដែរថា ការដាច់ភ្លើងពិតជាភ្ញៀវប៉ះពាល់អារម្ម ណ៍ តែយ៉ាងណា លោកសុំការយោគយល់ចំពោះបញ្ហានេះ។ «ភ្ញៀវទេសចររបស់យើងនៅពេលនេះ ភាគច្រើនជន ជាតិកូរ៉េ វៀតណាម និងចិន»។
អភិបាលខេត្តសៀមរាបស្តីទី លោក ប៊ុន ថារិទ្ធ ក៏ប្រាប់មជ្ឈមណ្ឌលព័ត៌មានដែរថា អាជ្ញាធរ ជំនាញកំពុងធ្វើការ ងារយ៉ាងសស្រាក់សស្រាំ ដើម្បីតបណ្តាញឡើងវិញ។ «យើងក៏បានផ្គត់ផ្គង់អគ្គិសនីដល់ខេត្តជាបណ្តោះអាសន្ន ហើយដែរ តែបានតែ១០មេហ្គាវ៉ាត់តែប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ បើតាមលោក កោសេន បង្គោលភ្លើងទាំង១២ដើមនោះ ត្រូវដឹកពីប្រទេសថៃ ដោយក្រុមហ៊ុន EM ដែលជាអ្នកទទួលខុសត្រូវលើការតបណ្តាញនេះ ហើយអ្វីដែលត្រូវការពេលយូរនោះ ក៏ដោយសារតែបង្គោល ភ្លើងទាំងនោះ ត្រូវគាស់គ្រឹះឡើងវិញ ទើបអាចដាំថ្មីវិញបាន។
ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភ្ញៀវទេសចរជាង២ លាននាក់ នាឆ្នាំ២០១២កន្លងទៅនេះ៕