ភ្នំពេញ៖ រដ្ឋសភា នៃប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៣ បានប្រកាសថា ខ្លួន នឹងធ្វើការជ្រើសតាំង ឥស្សរជន១រូប ក្នុងចំណោមសជិកសភាសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មី។
សេចក្តីជូនដំណឹងរបស់រដ្ឋសភាបានឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខ ជននៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧និង០០នាទី ដល់ម៉ោង១១ និង៣០នាទី ពេលល្ងាចចាប់ពី ម៉ោង១៤ និង០០ដល់ម៉ោង១៧និង៣០នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះទៅ។
កាលបរិច្ឆេទទទួលពាក្យសុំត្រូវផុតកំណត់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧និង៣០នាទី។
ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖
១-ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ១ច្បាប់
២-មានជីវប្រវត្តិសង្ខេបរបស់បេក្ខជន
៣-មានលិខិតបញ្ជាក់ថាមានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំ
៤-មានលិខិតបញ្ជាក់ថាពិតជាមានអាយុយ៉ាងតិច៤៥ឆ្នាំ
៥-មានសញ្ញាប័ត្រឬលិខិតបញ្ជាក់ថាបានប្រឡងជាប់ឧត្តមសិក្សាផ្នែកខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច
៦-មានលិខិតថ្កោលទោស (អាចផ្តល់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣)
៧-មានរូបថតទំហំ ៤គុណ៦ (ថតចំពីមុខ)គ្មានពាក់វ៉ែនតាចំនួន៣សន្លឹក
៨-មានហត្ថលេខាគាំទ្របេក្ខជនពីសមាជិករដ្ឋសភាចំនួន១៣រូប៕