កំពត ៖ អ្នកស្រី សម គឹមធី អាយុ ៤៥ ឆ្នាំ មានមុខរបររកស៊ី ចាក់កៅអីតុថ្មលក់ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០២ ខែ មីនា បាននាំកូនប្រុស របស់ខ្លួន សម បញ្ញា អាយុ ១០ឆ្នាំ ទៅប្ដឹងនគរបាលមូលដ្ឋាន បន្ទាប់ពីប្ដីរបស់ខ្លួនដែលជាឪពុកក្មេងប្រុស រងគ្រោះ បានប្រើអំពើហិង្សា លើក្មេងប្រុស រូបនេះ ។
អ្នកស្រី សម គឹមធី រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្ដកំពត បាននិយាយថា ប្ដីរបស់ខ្លួនឈ្មោះ ពេជ្រ សារុំ អាយុ ៤៥ឆ្នាំ មុខរបរ អ្នកគួកជេរ ម៉ូតូ បានប្រើអំពើហិង្សា លើប្រពន្ធកូនជាច្រើន ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយបាន យកឈើវាយលើដៃកូន ឱ្យរបួសយ៉ាងដំណំ ជាហេតុធ្វើឱ្យអ្នកស្រីទ្រាំមិនបាន ក៏មកដាក់ ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ចតែម្ដង។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា គ្រួសារខាងលើនេះ តែងតែមានទំនាស់ជា ញឹកញាប់ ហើយតែងតែមកប្ដឹងសមត្ថកិច្ច រួចហើយសមត្ថកិច្ច ក៏បានសម្របសម្រួល ឱ្យត្រឡប់ទៅផ្ទះវិញ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ នៅក្បែរខាងបាននិយាយថា រឿងរ៉ាវខាងលើនេះ អាចមកពីប្រពន្ធ ដោយសារតែយកលុយដែលប្ដីខំរកស៊ីទៅ លេងល្បែង ។
បើយោងតាមសមត្ថកិច្ច ប្ដី-ប្រពន្ធ ទាំងពីរនាក់នេះ បានដាក់ពាក្យបណ្ដឹងលែង លះគ្នា ទៅកាន់តុលាការកាលពីអំឡុងខែ សីហា ឆ្នាំ២០១២ កន្លងទៅ ប៉ុន្ដែ រហូតមក ដល់ពេលនេះ តុលាការមិនទាន់ប្រកាស សាលក្រមនៅឡើយទេ ដោយបុរសជាប្ដី បានព្រមព្រៀងចុះចេញពីផ្ទះ ៕