ភ្នំពេញ៖ អង្គការសង្គមស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានរៀបចំឲ្យមានដំណើរការ ក្នុងការផ្តល់មតិរៀបចំ កិច្ចប្រជុំពិភាក្សាចំនួនពីរដង នៅថ្ងៃទី១៣ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលបានធ្វើឡើងរវាងសមាជិក និងមន្រ្តីគ.ជ.ប. ជាមួយនឹងភាគីពាក់ព័ន្ធសំខាន់ លើអនុសាសន៍របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបានដាក់ជូនទៅគ.ជ.ប. សម្រាប់ធ្វើការ កែលម្អសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣នេះ។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អង្គការ គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ដោយផ្អែកតាមសេចក្តីសម្រេច របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ចុះថ្ងៃទី១៨ ខែកុម្ភៈ ចំពោះអនុសាសន៍ របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ តាមរយៈខុមហ្វ្រែល និងការវាយតម្លៃរបស់មន្រ្តី គ.ជ.ប. ថា ៤០ភាគរយនៃអនុសាសន៍ ត្រូវបានគ.ជ.ប. ទទួលយក ដែលវាជាចំណុចវិជ្ជមាន សម្រាប់កែលម្អបទបញ្ជា និងនីតិវិធី។
នៅក្នុងចំណុច ជាអនុសាសន៍ទំាងនោះ អង្គការសង្គមស៊ីវិលឃើញថា គ.ជ.ប. ព្រមទទួលនូវចំណុចមួយចំនួនដូចជា៖
-ហាមមន្រ្តីរាជការ មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិចូលរួម ក្នុងសកម្មភាពឃោសនា គាំទ្រគណបក្សនយោបាយណាមួយ ក្នុងពេលឃោសនាបោះឆ្នោត។
-ការឃោសនារបស់ គណបក្សនយោបាយ អាចធ្វើបាននៅទីសាធារណៈដូចជា ទីផ្សារ។ គ.ជ.ប និងអាជ្ញាធរ ត្រូវកំណត់កន្លែងសាធារណៈ និងធ្វើ អន្តរាគមន៍ ដើម្បីឲ្យគណបក្សនយោបាយ អាចលើកស្លាកសញ្ញាបាន តាមគោលការណ៍ស្មើភាព រួមជាមួយនឹងចំណុច ជាអនុសាសន៍ជាច្រើនទៀត ដែលអង្គការសង្គមស៊ីវិលដាក់ ជូនគ.ជ.ប. ហើយត្រូវ គ.ជ.ប. ទទួលយកដើម្បីជាចំណុចវិជ្ជមាន សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣នេះ៕