កំពង់ធំ៖ លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ និង លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងវិស្វកម្ម អគ្គបញ្ជាការរួមដំណើរ ដោយមន្ត្រីជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៣ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងៗជាយោធា ដែលកំពុងប្រចាំការនៅវរសេនាតូចលេខ ២ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលចំរុះឲ្យតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ។
លោក ឈន សារ៉ាណេ បានលើកឡើងពីការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែគិតគូរដល់ សុខទុក្ខយុទ្ធមិត្តទាំងអស់ ដែលបានឈរជើងលេណដ្ឋាន និងតាមគោលដៅរៀងៗខ្លួន។
លោកបានសម្តែង ការកោតសរសើរ ដល់វីរភាពអង់អាចក្លាហាន របស់វីរកងទ័ពទាំងអស់ ដែលកន្លងមក បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បី បុព្វហេតុការពារបូរណភាពទឹកដី មិនឲ្យពួកខ្មាំងសត្រូវ ឈ្លានពានយកទឹកដី បានមួយចំអាមណាឡើយ។ លោកបានចាត់ទុកវីរភាព ដ៏អង់អាច ក្លាហានរបស់កងកម្លាំងទាំងអស់ គឺជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ លោកបានជំរុញ ឲ្យកងកម្លាំងនៅមូលដ្ឋាន បន្តពង្រឹងស្ថិរភាព ឲ្យបានរឹងមាំ និងមានការចូលរួមឲ្យបានខ្លាំងក្លា ក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ។
លោកឈុន ឈន់ បានលើកឡើងពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរក្សា សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម សំដៅជំរុញ ឲ្យមានលក្ខខណ្ឌអំណោយផល ដល់ការបង្កបង្កើនផល ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ដែលទាំងនេះ នឹងនាំទៅដល់ការរីកចម្រើន របស់សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោក ឈុន ឈន់ និងលោក ឈន សារ៉ាណេ បានផ្តល់នូវអណ្តូងទឹកមួយ ប្រេង ១២០លីត្រ រួមទាំង ទូរទស្សន៍ សាំសុង និងអង់តែន DTV ១ គ្រឿង រួមទាំងគ្រឿង បរិភោគមួយចំនួន ទៀតរួមមាន អង្ករ ទឹកក្រូច ទឹកសុទ្ធ ស្កសរ ប៊ីចេង ទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹមព្រមទាំងមី ជាច្រើនកេសផងដែរ៕