ភ្នំពេញៈ ដោយមិនសុខចិត្ត និងដីកាសម្រេច រក្សាការពារ របស់សាលាដំបូង រាជធានីភ្នំពេញ ដែលគិតថា ជារឿងអយុត្តិធម៌ ហើយគ្រោងនិងអនុវត្ត នៅថ្ងៃចន្ទទី៤ ខែមិនា ឆ្នាំ២០១៣ នេះ អ្នកស្រី តេង ណៃសៀង បាន ស្នើសុំរកកិច្ច អន្តរាគមន៍ដើម្បី ផ្អាកការអនុវត្ត ដោយបានអះអាងថា ករណីនេះចៅក្រម ជឿតែភាគី ម្ខាង មិនព្រមចុះទៅមើល ទីតាំងជាក់ស្តែង ។
អ្នកស្រី តេង ណៃសៀង ម្ចាស់ផ្ទះលេខ៦១E0 ផ្លូវលេខ២៤០ សង្កាត់ចតុមុខ បានបញ្ជាក់ថា ករណីនេះ អ្នក ជិតខាងរបស់គាត់ បានព្យាយាមរករឿង បង្កើតបញ្ហាតាមរយៈ ប្រព័ន្ធតុលាការ ក្នុងបំណងគៀបសង្កត់ ឲ្យ លក់ផ្ទះក្នុងតម្លៃថោក ។ អ្នកស្រីថា “ចំពោះរឿងនេះ កន្លងមកគេបានរកអាជ្ញាធរ ខណ្ឌដូនពេញ មក និយាយ ចរចាជាមួយខ្ញុំ ដើម្បីឲ្យលក់ផ្ទះឲ្យ ហើយបានបោះពាក្យថា បើលក់ផ្ទះឲ្យនឹងបានសុខ ព្រោះតែខ្ញុំ មិនលក់ បានជាគេដាក់ពាក្យបណ្តឹង ទៅតុលាការដើម្បី ដាក់គំនាបឲ្យខ្ញុំលក់ផ្ទះ” ។
ជាមួយគ្នានេះ អ្នកស្រី តេង ណៃសៀង បានស្នើសុំឲ្យប្រធាន សាលាដំបូងរាជធានីភ្នំពេញ មេត្តាសម្រេច ផ្អាកការអនុវត្ត ដីកាសម្រេច រក្សាការពារលេខ០២ “ញ” ចុះថ្ងៃទី២១-០២-២០១៣ ព្រោះដីកានេះ បានធ្វើ ឲ្យប៉ះពាល់ ដល់ផលប្រយោជន៍អ្នកស្រី យ៉ាងធ្ងន់ធ្ងរ។
ក្នុងពាក្យបណ្តឹងស្នើសុំ អន្តរាគមន៍ទៅប្រធាន សាលាដំបូងរាជធានីភ្នំពេញ របស់អ្នកស្រី តេង ណៃសៀង បានសរសេរ រៀបរាប់ថា “តុលាការបានចេញដីកា សម្រេចរក្សាការពារ លេខ០២ “ញ” ចុះថ្ងៃទី២១-០២-២០១៣ ដោយបានធ្វើការ ហាមឃាត់នាង ខ្ញុំទី១.ផ្អាកការសាងសង់ផ្ទះ លេខ៦១E0 ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន, ទី២.បង្គាប់ឲ្យនាងខ្ញុំ រុះរើរនូតដែក និង ផ្អាក ការសាងសង់ផ្សេងៗ នៅពីលើច្រកទ្វារខាងលិច ដោយរក្សាស្ថានភាពដើមសិន និងទី៣.បង្គាប់ឲ្យ នាងខ្ញុំ រុះរើសំណង់ថ្មី ដែលបានសាងសង់ ចូលមកប្លង់សេជញ្ជាំង ០,៧០ម៉ែត្រ កំពស់ប្រហែល ២ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលសេចក្តីសម្រេច របស់តុលាការនេះ បានធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ របស់នាង ខ្ញុំយ៉ាងធ្ងន់ធ្ងរ”។ លិខិតសុំអន្តរាគមន៍ នោះបានរៀបរាប់ទៀតថា “ការសាងសង់បន្ថែម លើផ្ទះរបស់នាងខ្ញុំ គឺបច្ចុប្បន្ន នាងខ្ញុំមិនបានសាងសង់ទេ កន្លងមកនាងខ្ញុំ គ្រាន់តែបានធ្វើការជួលជុល ផ្ទះចាស់ដែលមាន សភាពទ្រុឌទ្រោម តែប៉ុណ្ណោះ ដោយបានសុំការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ, ចំពោះការចោទ ប្រកាន់ ថានាងខ្ញុំបានសាងសង់ រំលោភលើប្លង់សេផ្ទះរបស់ ម្ចាស់បំណុលនោះ នាងខ្ញុំមិនបានសាងសង់ រំលោភឡើយ គឺនាងខ្ញុំបានសាងសង់ លើសំណង់ចាស់ ដែលជាកម្មសិទ្ធិស្របច្បាប់ របស់នាងខ្ញុំប៉ុណ្ណោះ មិនប៉ះពាល់ដល់ផ្ទះ របស់ម្ចាស់បំណុល នោះទេ, ហើយចំពោះការសាងសង់ យាបលើបង្អួចសម្រាប់ ការពារទឹកភ្លៀង (ក្នុងដីកា ថារនូតដែក) នោះ គឺនាងខ្ញុំសាងសង់តាម លំនាំដើមដែលមាន ពីមុនទំាងអស់ ដោយពីមុន ធ្វើអំពីឈើ ហើយឥឡូវនេះ នាងខ្ញុំបានសាងសង់ ពីដែកជំនួសវិញ ពុំមានការប្រែពីស្ថានភាព ដើមឡើយ ករណីនេះ អាជ្ញាធរមូលដ្ឋាន បានដឹងឮតាំងតែពីដើម រហូតមក” ។ ក្នុងលិខិតរបស់អ្នកស្រី តេង ណៃសៀង ក៏បានបញ្ជាក់ថា “ដីកាសម្រេចរបស់ តុលាការឲ្យរុះរើ សំណង់ផ្ទះដែលនាងខ្ញុំ បានជួលជុលនេះ គឺតុលាការ ជឿតែភាគីម្ចាងមិនបាន ចុះទៅពិនិត្យជាក់ស្តែង ហើយក៏មិនមានមន្រ្តីជំនាញ វាយតម្លៃថា ការសាងសង់នេះ ពិតជាមាន ការប៉ះពាល់នោះទេ”។
មេភូមិទី៦ សង្កាត់ចតុមុខ លោក ប៉ាង សុខវុធត្ថា បាននិយាយឲ្យដឹងថា សំយាបផ្ទះទាំងពីរ ដែលអ្នកស្រី តេង ណៃសៀង ធ្វើនេះ មានតាំងពីមុនមក។
លោក ប៉ាង សុខវុធត្ថា បញ្ជាក់ទៀតថា សំយាបនៅខាងក្រោយនេះ អ្នកស្រី តេង ណៃសៀង បានធ្វើលើក ឡើង លើខ្ពស់ជាងមុនបន្តិច ។ លោកថា “តាមតែខ្ញុំមើលជាក់ស្តែង មិនបានប៉ះពាល់ ធ្ងន់ធ្ងរដល់ផ្ទះ មាស សុខសាកន ប៉ុន្មាននោះទេ គ្រាន់តែងងឹតបន្តិច ហើយម្យ៉ាងទៀត កន្លែងនេះមិនសូវមានមនុស្ស ដើរនោះទេ ដោយឡែកសំយាប ចំហៀងពីមុនធ្វើអំពីឈើ តែក្រោយមកគាត់ ក៏ដូរដាក់ដែក ហើយឥឡូវនេះ ក៏បាន ដូរដាក់ដែកម្តងទៀត ដោយប្រាប់ថា ដែកពីមុនវាពុក”។
ជុំវិញនិងការលើកឡើងរបស់អ្នកស្រី តេង ណៃសៀង ដែលថាអ្នកជិតខាង របស់គាត់បានបង្កើតរឿង តាម រយៈប្រព័ន្ធ តុលាការក្នុងបំណងបង្ខំ គាត់ឲ្យលក់ផ្ទះឲ្យក្នុង តម្លៃថោកនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមិនទាន់អាចទំនាក់ទំងសុំការបំភ្លឺពីម្ចាស់ផ្ទះ មាស សុខសាកន បាននៅឡើយទេ។
ចំពោះការអនុវត្តដីកាសម្រេចរក្សាការពារដែលគ្រោងធ្វើថ្ងៃទីចន្ទទី៤ ខែមិនា ឆ្នាំ២០១៣ នេះ មជ្ឈដ្ឋានអ្នក ច្បាប់ បានចាត់ទុកថាអាចជា រឿងមិនត្រឹមត្រូវ ព្រោះថាកាលពី ឆ្នាំ២០០៨ ប្រធានតុលាការកំពូល លោក ឌិត មន្ទីរ បានចេញសេចក្តីណែនាំមួយ បង្គាប់ឲ្យ សាលាដំបូងខេត្ត-ក្រុង ទាំងអស់ មិនឲ្យអនុវត្តសាលក្រម បណ្តោះអាសន្ន នោះទេ ដោយបំណងក្លាចប៉ះពាល់ ផលប្រយោជន៍ធ្ងន់ធ្ងរ ដល់ភាគីណាមួយ នៅពេល សាលក្រម មិនទាន់ចូលជាស្ថានពរ នៅឡើយ ៕
សញ្ញាព្រួញ ពណ៌ខៀវរបងផ្ទះឈ្មោះ មាស សុខសាកន និងពណ៌ក្រហម របងផ្ទះឈ្មោះ តេង ណៃសៀង
ពណ៌ក្រហម សំយាបទើបសាងសង់