កំពង់ចាមៈ ស្រី្តម្នាក់ បានស្លាប់ ខណៈយកមក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលការស្លាប់នោះ បណ្តាលមកពីប្តីហេងស៊យម្នាក់ បានប្រើអំពើហឹង្សាក្នុងគ្រួសារ វាយនាងរបួសក្បាលជាទម្ងន់ កាលពី វេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នៅភូមិព្រៃជង្រុក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តកំពង់ ចាម រីឯប្តីកំណាច បានរត់គេចខ្លួនបាត់ស្រមោល។
បើតាមលោក សេង ធឿន មេភូមិព្រៃជង្រុក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បុរសជាប្តីដែលកំពង់រត់គេចខ្លួននោះ មានឈ្មោះ កេង ធី ហៅដូត អាយុ ៣៨ឆ្នាំ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធ មានឈ្មោះ អាន ធី អាយុ ៣៣ឆ្នាំ អ្នកទាំងពីរនេះ មានមុខរបរលក់ម្ហូបសាច់ឆ្កែ មានទីលំនៅក្នុងភូមិកើត ហេតុដូចខាងលើ។
លោកមេភូមិ បានឲ្យដឹងទៀតថា គ្រួសារខាងលើនោះ បានគ្នាជាប្តីប្រពន្ធអស់រយៈពេល ២ឆ្នាំមកហើយ មិនទាន់មានកូនទេ ហើយការរស់នៅក្នុងមុខរបរនោះ គ្រួសារនេះ តែងតែឈ្លោះប្រកែក និងវាយតប់គ្នា ជាញឹកញាប់រហូតដល់អ្នកស្រុកលែងចាប់អារម្មណ៍ក្នុងជម្លោះជារើយៗនោះ ព្រោះថា ប្តីប្រពន្ធនោះ ពេល ព្រឹកឈ្លោះវាយតប់គ្នា ពេលយប់ត្រូវគ្នា ហើយទម្លាប់នោះ ហើយដែលធ្វើឲ្យអ្នកស្រុកមិនចាប់អារម្មណ៍។
លោកមេភូមិ បានបន្តទៀតថា លុះដល់យប់ថ្ងៃទី១១ ខែតុលា នៅក្បែរភូមិមានការចាក់ធុងបាស់រាំកម្សាន្ត ហើយនៅរសៀលថ្ងៃទី១២ មិនដឹងមូលហេតុអ្វី ស្រាប់តែបុរសជាប្តីបានវាយតប់ស្រ្តីជាប្រពន្ធបណ្តាលឲ្យ រងរបួសក្បាលជាដំណំ ហើយអ្នកស្រុក ក៏នាំស្រ្តីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ប៉ុន្តែ ដោយអាការៈរបួសធ្ងន់ធ្ងរពេក ស្រ្តីរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃ ដដែលនោះទៅ។
ក្រោយពេលទទួលមរណៈ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកស្រុក យកទៅធ្វើបុណ្យតាមប្រពៃ ណី។ ដោយឡែកបុរសជាប្តី បានរត់គេចខ្លួន ដែលបច្ចុប្បន្នសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបុរសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕