ភ្នំពេញ៖ រឿងរ៉ាវដែលបង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតធ្វើឲ្យបុរសម្នាក់ ដែលអះអាងថា ជាអតីតប្តី បានបើករថយន្ត របស់ខ្លួន ទៅបុក និងចុះវាយរថយន្ត របស់អតីតប្រពន្ធ ដែលកំពុង ជិះជាមួយ មេធាវីម្នាក់ និងកូនស្រីចំនួន២នាក់ នោះត្រូវ អតីតប្តីរូបនេះ ចេញមុខបកស្រាយការពិត ដោយលោកអះអាងថា ការដែលខ្លួនធ្វើយ៉ាងដូច្នេះ បណ្តាលមកពីលោកនៅ ស្រឡាញ់កូនស្រីខ្លាំងពេក និងមិនចង់ឲ្យកូនស្រី ទាំងពីរនាក់ រស់នៅជាមួយ ឪពុកចុង ខណៈអតីតប្រពន្ធ បានប្រកាសនឹងរៀបការ ជាមួយ ប្រុសថ្មី។
ការដែលខឹងសម្បារ ហើយធ្វើទង្វើ បែបនេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ ត្រូវបានអតីតប្តីរូបនេះ អះអាងថា មកពីសាលាដំបូង រាជធានីភ្នំពេញ បានចេញសាលក្រម សម្រេចកាត់ឲ្យកូនស្រី ទាំងពីរនាក់ ត្រូវទៅរស់ នៅជាមួយ ម្តាយ ដែលការសម្រេចនេះ បានធ្វើឲ្យរូបលោក ជាឪពុកម្នាក់ មិនចង់ឲ្យកូនស្រី បែកពីខ្លួនជាពិសេស មិនចង់ឲ្យកូនស្រី ទៅរស់នៅជាមួយ ឪពុកចុង ពីព្រោះខ្លាចធ្វើបាប និងមានគំនិតមិនល្អ ។
លោក ជា ចាន់ណារ៉ា អាយុ៣៣ឆ្នាំ បានចេញមុខ មកបំភ្លឺ និងបកស្រាយការ ភាន់ច្រឡំ រវាងលោក និងអតីតប្រពន្ធ ដែលបង្កឲ្យមានជម្លោះ កើតឡើងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានថ្លែងថា លោកបានបើករថយន្ត ជ្រុលទៅបុក រថយន្ត CRV ដែលនៅក្នុងនោះ មានអតីតប្រពន្ធលោក ជាមួយមេធាវី និងកូនស្រីពីរនាក់ ក្នុងនាំឲ្យលោក មានគំនិត បើករថយន្ត ទៅកាក់ពីមុខ ប៉ុន្តែដោយហេតុតែផ្លូវចង្អៀត ក៏ជ្រុលចង្កូតទៅបុក រថយន្តCRV នោះ។ លោក ជា ចាន់ណារ៉ា បាននិយាយទៀតថា ការដែលមានហេតុការណ៍នោះ កើតឡើងលោក គិតថា អតីតប្រពន្ធរបស់លោក នឹងយកកូនស្រីទាំងពីរនាក់ ចេញឲ្យឆ្ងាយពីលោក ខណៈលោកបានដឹងថា អតីតប្រពន្ធរូបនេះ នឹងមានគ្រួសារថ្មី និយាយទៅគឺមានប្តីថ្មី ។
នៅពេលដែល លោកបានដឹង លោកក៏បានទូរស័ព្ទនិយាយជាមួយ អតីតប្រពន្ធ ដោយសុំកូនស្រីទាំងពីរនាក់ មកនៅ ជាមួយ ដែលលោកបានរៀប អាពាហ៍ពិពាហ៍ជាមួយ ភរិយាក្រោយ រួចហើយភរិយាក្រោយ មានទឹកចិត្តស្រឡាញ់កូនស្រី ទាំងពីរក៏សុខចិត្តទទួលបីបាច់ថែរក្សារដែរ តែអតីតប្រពន្ធមិនព្រម ហើយថែមទាំងនិយាយថា នឹងនាំកូនស្រីទាំងពីរទៅរស់នៅ ឲ្យឆ្ងាយដោយមិនឲ្យកូនស្រីទាំងពីរ ទទួលស្គាល់លោក ជាឪពុកនោះទេ ។
ជាមួយគ្នានេះ អតីតប្រពន្ធ ថែមទាំងមិនឲ្យកូនស្រីទាំងពីរនាក់ ប្រើត្រកូលលោកទៀត ហេតុដូច្នេះហើយ លោកបានព្យាយាម ចរចាជាមួយ អតីតប្រពន្ធ ច្រើនលើកច្រើនសារ ហើយលោកបានគិតថា នៅពេលម្តាយវាមានប្តីថ្មី ខ្លាចប្តីក្រោយធ្វើបានកូនស្រី ដូចដែលព័ត៌មានធ្លាប់បានចុះផ្សាយ កន្លមកថា ឪពុកចចុងមានគំនិត អាក្រក់មកលើកូនស្រីប្រពន្ធដើម។
លោក ជា ចាន់ណារ៉ា បាននិយាយទៀតថា លោកបានព្យាយាមអង្វរ សុំកូនពីអតីតប្រពន្ធ ដើម្បីមករស់នៅជាមួយ តែអតីតប្រពន្ធ មិនយល់ព្រម ហើយបែរជា និយាយគំរាម ដោយមិនឲ្យកូនទទួល ស្គាល់លោកទៀតផង ដូចច្នេះនៅថ្ងៃកើតហេតុ លោក បានទូរស័ព្ទ ទៅអតីតប្រពន្ធ តែនាងមិនលើកទូរស័ព្ទ ពេលនោះ លោកខ្លាចអ្វីដែលគេបាន និយាយគេហ៊ានធ្វើ លោក ក៏បើករថយន្ត មករកនាងនៅផ្ទះ ក្នុងពេលនោះ លោកបានឃើញនាង និងកូនស្រី ឡើងជិះរថយន្ត ជាមួយមេធាវីម្នាក់នោះ ។
លោកបន្តថា ពេលនោះលោក បានព្យាយាម ទូរស័ព្ទសួរតែអតីត ប្រពន្ធមិនលើក លោកមានអារម្មណ៍ ភ័យខ្លាចបាត់អ្វី ទាំងអស់ ដោយលោកដឹងថា លោកមិនអាចទាមទារ យកកូនតាមផ្លូវច្បាប់ បានទេ ដោយសាល ក្រមតុលាការ បានកាត់ឲ្យកូនស្រីទាំងពីរ ទៅអតីតប្រពន្ធជា អ្នកបីបាច់ថែរក្សា។ ដោយហេតុថា មិនអាចយកកូនបាន ហើយខ្លាចបាត់បង់ កូនទាំងពីរនាក់ ទើបធ្វើឲ្យលោក ទៅជាមនុស្សម្នាក់ មិនគិតពី កិត្តិយសខ្លួន និងគ្រួសារធ្វើទង្វើ ដោយកាចសាហាវ ។
លោកថា ទឹកចិត្តឪពុកម្នាក់ ដែលស្រឡាញ់កូនខ្លាំង ហើយដឹងថា ខ្លួន និងជិតបាត់បង់កូនស្រី ទាំងពីរនោះ ទៅជាមានទង្វើមួយ ដែលប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសារ ក្រោយកើតហេតុលោក មានអារម្មណ៍សោកស្តាយ នូវទង្វើដែលលោក បានធ្វើ ជាពិសេសធ្វើទង្វើឲ្យ មានការប៉ះពាល់ដល់កិត្តិយសភរិយា ក្រោយរបស់លោក និងក្រុមគ្រួរសាររបស់នាង។
ភរិយាក្រោយរបស់លោក ជាមនុស្សម្នាក់ដែល មានសណ្តានចិត្តគិត ដល់កូនស្រីទាំងពីរនាក់ ហើយនឹងមានការស្រឡាញ់ សណ្តោសដល់កូនស្រីលោក។ លោក បានសុំទោស ដែលធ្វើឲ្យភរិយាក្រោយលោក កាន់តែយល់ច្រឡំថា លោកនៅមានមនោសញ្ចេតនា ជាមួយអតីត ប្រពន្ធលោក តែតាមការពិតលោក គ្មានមនោសញ្ចេតនា ជាមួយអតីតប្រពន្ធបន្តិចទេ បើមិនគិតពីកូនស្រី ក៏លោកមិនធ្វើទង្វើទាំងនោះ កើតឡើងដែរ ត្រឹមតែចង់បានប្តីថ្មី គ្មានអី្វអស្ចារ្យទេសម្រាប់លោក។ លោកបានបន្តទៀតថា បើម្តាយវាមិនគិតដល់ ចំណុចអាក្រក់ ហើយលោក ជាឪពុកមិនគិតទៀតនោះតើ កូនស្រីទាំងពីទៅជាយ៉ាងណា។
ឆ្លៀតក្នុងឱកាសនោះលោក សុំទោសលោកមេធាវីម្នាក់នោះ ដោយការភាន់ច្រឡំទើបលោក បានធ្វើទង្វើបែបនេះកើតឡើង ហើយលោកគ្មានចេតនា ចង់បំផ្លាញកិត្តិយស របស់អ្នកណាម្នាក់នោះទេ។ ចំពោះភរិយាក្រោយរបស់លោកនិងក្រុមគ្រួសា លោកសុំទោស តែលោកសង្ឃឹមថា ភរិយាក្រោយ នឹងយល់់ពីទឹកចិត្តលោក ជាឪពុកម្នាក់នេះ ហើយសុំសន្យាចំពោះ ភរិយាក្រោយថា មិនឲ្យមានទង្វើដែល ធ្វើឲ្យនាងមិនសប្បាយចិត្តកើតឡើងទេ។
ជាមួយគ្នានេះ លោក ជា ចាន់ណារ៉ា ចង់បញ្ជាក់ប្រាប់ថា ទង្វើលោកដែលកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមកនោះ មិនមែនកើតឡើង ដោយសារការប្រច័ណ្ឌ ឬស្នេហាត្រីកោណនោះទេ គឺកើតឡើងដោយសារការ គិតពីកូនស្រី ព្រោះខ្លាចបាត់បង់កូនដោយអតីតប្រពន្ធ ជាមនុស្សម្នាក់ ដែលគ្មានមនោសញ្ចេតនា មិនយល់ពីអ្វី ទាំងអស់ គិតតែខ្លួនឯង ។ ដោយឡែក ស្រ្តីជាអតីតប្រពន្ធ ក៏បានប្រគល់កូនស្រីទាំងពីរនាក់ ជូន ដល់លោក ជា ចាន់ណារ៉ា ដើម្បីទុកចិញ្ចឹមបីបាច់ថែរក្សា ៕