បាត់ដំបងៈ កងពលតូច ថ្មើរជើងលេខ ៥២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ បានធ្វើពិធីប្រជុំ ផ្សព្វផ្សាយ បទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល នៅទីបញ្ជាការដ្ឋានកងពល ជូនគណៈបញ្ជា ការឯកភាពទិសទី៣ ប៉ៃលិន សំឡូត ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការចាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៌ឯក ប៊ុន សេង ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្រ្តី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួម ពីអស់លោក មេបញ្ជាការទិស អាជ្ញាធរខេត្តប៉ៃលិន មន្រ្តី នគរបាល មន្រ្តីអាវុធហត្ថ និងនាយទាហានជាច្រើនរូបទៀត ។
បន្ទាប់ពីមានមតិស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី យុន វឿន នាយរងសេនាធិការយោធភូមិភាគ ទី៥ និងជាអនុប្រធានគណៈបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត បានអាននូវបទបញ្ជាលេខ ០២ របស់រាជរដ្ឋភិបាល ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ព្រមទាំងបាន បញ្ជាក់ផងដែរ ពីសកម្មភាព កងកម្លាំង សមត្ថកិច្ច អាជ្ញាធរដែនដី និងរដ្ឋបាលព្រៃឈើ បានធ្វើការសហការល្អ យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ពិសេសការទប់ស្កាត់ រាល់បទ ល្មើសជួញដូរ និងការនាំចេញនូវឈើគ្រញូង ។
លោកបានបន្ត ទៀតថា នាចុងឆ្នាំ២០១២ កន្លងទៅនេះ ក៏ដូចជាដើមឆ្នាំ២០១៣ សម្រាប់ទិសទី៣ ប៉ៃលិន សំឡូត លើវិសាលភាព នៃការគ្រប់គ្រង ដឹកនាំបញ្ជារបស់កម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នចំណុះ ព្រមទាំងបាន ចូលរួមយ៉ាងសកម្ម អនុវត្ត តាមបទបញ្ជារបស់គណៈបញ្ជាការ ឯកភាពសមរភូមិមុខ នៃទិសភូមិ ភាគទី៥ឲ្យមានកម្រិត ។ ពាក់ព័ន្ធទៅនឹងមតិពិភាក្សា គ្រប់បណ្តាកងឯកភាព ជួរមុខសម្រាប់ទិសទី៣ បានធ្វើបទអន្តរាគមន៍ លើកឡើងពីចំណុចខ្លាំង ខ្សោយ ក្នុងកិច្ចសហការល្អ ទប់ស្កាត់រាល់បទល្មើស ដែលកើតមានឡើង និងពិភាក្សាធ្វើជាបទពិសោធន៍ ដើម្បីទទួលបានលទ្ធផលខ្ពស់។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីផ្សព្វផ្សាយបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានធ្វើការវាយតម្លៃខ្ពស់ ព្រមទាំងបានកោតសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងប្រដាប់អាវុធ មន្រ្តីពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងសកម្ម ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗជាច្រើនទៀត ហើយក៏ជាចំណុចរសើបបំផុត សម្រាប់ការប្រព្រឹត្តល្មើស លោកឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់យ៉ាង ច្បាស់ថា នេះជាបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រៃឈើ ឲ្យ មានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជុំវិញលើការងារអនុវត្តបទបញ្ជាលេខ ០២ បប របស់ រាជ រដ្ឋាភិបាល ដែលមានចំណុចសំខាន់ ដូចជា ការបិទច្រករបៀងចេញ ចូលជាស្ថាពរ ពាក់ព័ន្ធមេក្លោងការកែឆ្នៃឈើគ្រញូងក្នុងស្រុក មន្រ្តីអាជ្ញាធរ កងកម្លាំងត្រូវដកខ្លួនចេញពីបទ ល្មើសឲ្យអស់។
លោកឧត្តមសេនីយ៍ បានធ្វើការណែនាំបន្ថែមទៀត ដល់អាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហ ប្រតិបត្តិការរួមគ្នា ឲ្យបានល្អ ក្នុងការអនុវត្តន៍នូវបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរ លោកបាន សង្កត់ធ្ងន់ សម្រាប់ទិស៣ ប៉ៃលិន សំឡូត ត្រូវបន្តភារកិច្ចរបស់រាជរដ្ឋាភិបាល នូវបទបញ្ជានេះ ឲ្យទទួលបាន ជោគជ័យ ៕