ភ្នំពេញៈ កម្មវិធី អប់រំ និងបំប៉នសមត្ថភាព ខួរក្បាល កុមារ (UCMAS) ដែលជាកម្មវិធី បណ្តុះភាពឆ្លាតវៃ ក្មេងៗតូចៗ ដ៏ល្បីនៅលើពិភពលោក ត្រូវបាន សាលា អាយឃីដ (I-Kids) យកមកបង្ហាញ ជូនអាណាព្យាបាល និងកុមារនានា នៅកម្ពុជា ដែលចូលកម្សាន្ត នៅសួនឌ្រីមលែនឌ៍ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។
UCMAS (Universal Concept of Mental Arithmetic) ជាកម្មវិធីមួយ ដែលអប់រំ និងបំប៉នសមត្ថភាពខួរក្បាល របស់កុមារ អាយុចន្លោះ ពី ៤ដល់១២ឆ្នាំ ដើម្បីឱ្យពួកគេ មានលទ្ធភាពប្រើប្រាស់ ខួរក្បាល ដ៏មាន ប្រសិទ្ធភាព ក្នុងនោះ កុមារជំនាញក្នុងការស្តាប់ ជាមួយនឹងការផ្តោតអារម្មណ៍ល្អ ជំនាញក្នុងការអង្កេត និងវិភាគ បង្កើនសមត្ថភាព ក្នុងការចងចាំ ការគិតស្រមៃ និងការច្នៃប្រឌិតកាន់តែប្រសើរ ព្រមទាំងមាន សមត្ថភាព អាចគណនា លេខបានលឿន និងត្រឹមត្រូវផងដែរ ។
តំណាងអាយឃីដ បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំង ពីប្រជាជន នៅលើសកលលោក ជាពិសេស មាតាបិតា ដែលមានកុមារតូចៗតែម្តង ដោយសារតែវាមានលក្ខណៈពិសេស បង្រៀនឱ្យក្មេង វៀងវៃ តាំងពីតូចមក ។ តំណាងខាងលើ បន្តថា នៅកម្ពុជានេះ UCMAS ក៏ត្រូវបានគាំទ្រ ដោយអាណាព្យាបាល ក្មេងៗ ផងដែរ ហើយកម្មវិធីនេះ យើងសង្កេតឃើញថា មានមាតាបិតា អាណាព្យាបាលសិស្ស រួមទាំងភ្ញៀវកិត្តិយស នានាជាច្រើន បានចូលរួម ។
គួរបញ្ជាក់ថា សព្វថ្ងៃ ក្រៅពីមានបង្រៀន នៅសាលាអាយឃីដ នៅផ្ទះលេខ105CB ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ UCMAS ក៏ត្រូវបានយកទៅបង្រៀន នៅសាលាល្បីៗចំនួន៣ផ្សេងទៀត ក្នុងរាជធានភ្នំពេញ ក្នុងនោះមាន សាលាលីតថល ស្កូឡា អាខាដេមី សាលាអន្តរជាតិម៉ូឌេន និងសាលាបញ្ញាខ្មែរអន្តរជាតិផងដែរ ៕