BEIRUT: ក្រុមបះបោរ បានវាយដណ្តើម យកមូលដា្ឋនការពារដែនអាកាសស៊ីរី ដែលស្ថិតនៅភាគខាងកើតទីក្រុង អាឡេផូ កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ ខណៈដែលកម្លាំងរដ្ឋាភិ បាល បានវាយប្រហារក្រុមបះបោរ ក្នុងតំបន់មួយចំនួនទូទាំងប្រទេស។ នេះបើយោងតាមការលើកឡើងរបស់ក្រុមសកម្មជនស៊ីរី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន The Star ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងផងដែរ នៅក្នុងជំរំទ័ព ដែលស្ថិតនៅជិត ទីក្រុង Maarat al-Nuama តាមបណ្តោយដងផ្លូវឆ្ពោះទៅកាន់ទីក្រុងអាឡេផូ ដែលត្រូវវាយដណ្តើមបានដោយក្រុងបះបោរ កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមអ្នកអង្កេតការណ៍សិទ្ធមនុស្សប្រចាំប្រទេសស៊ីរី។
ក្រុមអ្នកអង្កេតការណ៍ដែលគាំទ្រក្រុមប្រឆាំង បានផ្តល់ព័ត៌មានថា អ្នកស្លាប់ក្នុងហេតុការណ៍ប្រឈមមុខ ដាក់គ្នានេះ មានចំនួនជាង ២៦០នាក់ ក្នុងនោះរួមមានទំាងជនស៊ីវិល និងកងកម្លាំងទាំងសងខាង ក្នុង អំពើហិង្សា ដែលកើតមានក្នុងទីក្រុង និងតំបន់ភាគខាងជើង ខាងលិច និងខាងកើត។
ប្រភពដដែលបានបន្តថា កងកម្លាំងយោធារហូតដល់៩២នាក់ត្រូវបានសម្លាប់ ក្នុងការប្រឈមមុខដាក់ គ្នានេះ ដែលនេះជាតួលេខខ្ពស់ជាងគេមួយ សម្រាប់ការស្លាប់របស់កងកម្លាំងរដ្ឋាភិបាល ចាប់តាំងពីមាន ចលនាបះបោរប្រឆាំងរបបរបស់លោក បាស្សាអាល់អាស្សាដ។ អ្នកអង្កេតការណ៍បានឲ្យដឹងថា មូលដា្ឋន ការពារដែនអាកាស ដែលត្រូវបានវាយដណ្តើមបានដោយក្រុមបះបោរនោះ ស្ថិតនៅក្នុងភូមិal-Tana ប្រទេសស៊ីរី ៕