ខេត្តឧត្តរមានជ័យ៖ នាយឧតុ្តមសេនីយ៍គន់ គីម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ បានអំពាវនាវ ដល់ក្រុមគ្រួសារកងទ័ពទាំងអស់ ឲ្យយកចិត្តទុក ដាក់ក្នុងការបង្កបង្កើនផលលើផ្ទៃដី ដែលពលរដ្ឋបានផ្តល់ឲ្យ ដើម្បីបង្កើនប្រាក់ចំណូល ដល់គ្រួសាររបស់ខ្លួន ហើយបានបញ្ជាក់ផងដែរថា រាល់ ជំនួយឧបត្ថម្ភពីសប្បុរសជន គឺគ្រាន់តែជួយបានមួយគ្រាតែប៉ុណ្ណោះ។
ការអំពាវនាវបែបនេះ បានធ្វើឡើង ខណៈដែលលោកបានចុះពិនិត្យ និងវាយតម្លៃសកម្មភាព ការអភិវឌ្ឍន៍របស់កងពលតូចលេខ៦ ក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ បានលើកឡើងថា «ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែជំរុញដល់គ្រួសារកងទ័ពទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារបង្ក បង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ឲ្យអស់ផ្ទៃដី ជាពិសេស គឺការគិតគូរដោះស្រាយស្បៀងអាហារ សម្ភារប្រើប្រាស់ និងពូជផលដំណាំផ្សេងៗ ដែល បណ្តាសប្បុរសជន និង អង្គភាពសម្ព័ន្ធមេត្រីភាព បានឧបត្ថម្ភនាពេលកន្លងមក ដើម្បីឲ្យ បងប្អូនមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការរកប្រាក់ ចំណូលសម្រាប់ក្រុមគ្រួសារ ព្រោះថា រាល់ការឧបត្ថម្ភម្តងៗ គឺគ្រាន់តែជាការដោះស្រាយ បានមួយគ្រាតែប៉ុណ្ណោះ»។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ក៏បានលើកឡើង អំពីការយកចិត្តទុកដាករបស់ក្រុមគ្រួសារ នៃកងពលតូចលេខ៦ផងដែរ ក្នុងការខិតខំធ្វើអ្វី គ្រប់យ៉ាងទាំងការការពារប្រទេសនិង ការជួយទំនុកបំរុងគ្រួសារជាដើម ដូចជាការ កសាងជំរំបន្ទាយ ការហ្វឹកហ្វឺន ការដោះស្រាយស្បៀងអាហារ ទឹកប្រើប្រាស់ និងទីកន្លែងស្នាក់នៅកងទ័ពបានសមរម្យ ដែលទាំងនេះ គឺជាឫសគល់នៃវិធានការ ក្នុងការថែទាំសុខភាពដល់កងទ័ព។
យោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឈុំ-ខេង មេបញ្ជាការកងពលតូចលេខ៦ បានបញ្ជាក់ថា ស្ថានភាពភូមិសាស្រ្តឈរជើងរបស់ កងពលតូចលេខ៦ មានភាពល្អប្រសើរ ហើយថា នាយទាហាន ពលទាហានទាំងអស់ បានខិតខំក្នុងការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វជាដើម។
លោកមេបញ្ជាការបានបន្តទៀតថា បច្ចុប្បន្ននេះ កងពលបាននិងកំពុងរៀបចំ អភិវឌ្ឍន៍ភូមិគ្រួសារកងទ័ពចំនួន៤ ដែលមានគ្រួសារកងទ័ព រស់នៅចំនួន៨៨៤គ្រួសារ និងបាន ដំណើរការឈូសឆាយ បែងចែកដីបង្កបង្កើនផលរួចហើយ ដល់គ្រួសារកងទ័ព លើទំហំដីសរុប ចំនួន ៣.៤២៤ហិកតា។
ជានិច្ចកាលគេតែងតែសង្កេតឃើញ នាយឧត្តមសេនីយ៍ គន់ គីម ដែលជាប្រធានទីប្រឹក្សា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជាផងនោះ បានយកចិត្តទុកដាក់ខ្លាំងលើ មន្រ្តីកងទ័ពទាំងអស់ ជាពិសេសកងទ័ព ដែលឈរជើងនៅតាមតំបន់ នៃខេត្តឧត្តរមានជ័យ។ កាលពីពេលកន្លងទៅ លោកនាយឧត្តមសេនីយ៍ ក៏ជំរុញដល់កងទ័ពទាំងអស់ ឲ្យយកចិត្តទុកដាក់ផងដែរ លើការហ្វឹកហាត់និងសមយុទ្ធផ្សេង ដើម្បីពង្រឹងសមត្ថភាព ក្នុងការការពារ បូរណភាពទឹកដី៕