ភ្នំពេញៈ សហភាពសហព័ន្ធ យុវជនកម្ពុជា បានរៀបចំពិធី រាត្រីសមោសមូលនិធិ យុវជនក្នុង បុព្វហេតុមាតុភូមិ ក្នុងគោលបំណងសុំការ គាំទ្រនិងឧបត្ថម្ភ ពីសប្បុរសជន ដែលជាភ្ញៀវ កិត្តិយសទាំងអស់ ដែលបានអញ្ជើញ ចូលរួម ដើម្បីឆ្ពោះដំណើរ របស់ខ្លួនបន្ត ក្នុងការ រៀបចំកម្មវិធី (អង្គរសង្រ្កាន្ត) នាខែមេសានាពេល ខាងមុខនេះ ។
កម្មវិធីនេះ បាន រៀបចំ កាលពីល្ងាចថ្ងៃទី៩ខែមីនា ឆ្នាំ២០១៣នៅសណ្ឋាគារ អ៊ិនធ័រកុង ទីណង់តាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឲ្យ យុវជនជំនាន់ក្រោយយល់ច្បាស់នូវ សច្ចៈភាពប្រវត្តិសាស្ត្រ របស់ខ្លួននោះ ក្រុមការងារ យុវជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីជាច្រើនទាក់ទងយុវជន ក្នុងគោលបំណងឲ្យពួកគេបានយល់ដឹងនិងទទួលស្គាល់ថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ១៩៧៨ និង កម្មវិធី បោះជំរំនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, ការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះពីរ បប ខ្មែរក្រហមជារៀងរាល់ឆ្នាំ, ជំរុញឲ្យយុវជនចូលរួមការងារសង្គ្រាម និងការងារមនុស្ស ធម៌,ផ្តល់ អាហារូបករណ៍ដល់និស្សិត ដែលជួបការលំបាក,ការងារដឹកនាំយុវជនចុះទៅសិក្សាជាក់ស្តែង។
លោកបានបន្តថា ការងារជោគជ័យរបស់សហភាពសហព័ន្ធ រហូតមកដល់បច្ចុប្បន្ននេះ មិនអាច កាត់ផ្តាច់ចេញបានឡើង ពីការផ្តល់ទំនុកចិត្ត ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជា ពិសេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល,ក្រុមហ៊ុនសហគ្រាស,អង្គការសមាគមជា និតិបុគ្គល,សប្បុរសជនទាំងអស់ ។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្រាបៀរអង្គរ,ក្រុមហ៊ុនណាហ្គាវើលដ៍, ក្រុមហ៊ុន ស្រាបៀរកម្ពុជា,ក្រុមហ៊ុនឌីខេមផាម៉ា,ក្រុមហ៊ុនស្មាតមូបាយ,ក្រុមហ៊ុនកូកាកូឡា,ក្រុមហ៊ុនទឹកបរិសុទ្ធទឹកវីតាល់,បណ្តាលក្រុមហ៊ុននិងសប្បុរសជនដទៃទៀត ដែលតែង តែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់សហភាពសហព័ន្ធយុវជននាពេលកន្លងមក។
លោកបានបញ្ជាក់ថា ការបន្តដំណើរទៅមុខលើផ្លូវការងារដ៏វែងឆ្ងាយ ជាពិសេស សម្រាប់ ព្រឹតិ្តការណ៍(អង្គរសង្រ្កាន្ត)មុខនេះ ដោយការផ្តល់ទំនុកចិត្តទាំងស្មារតី សម្ភារៈក៏ដូចជាថវិកា ពីសប្បុរសជន គឺជាកម្លាំងចលករមួយយ៉ាងសំខាន់សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាកម្លាំងយុវជនជំនាន់ក្រោយខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាកសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល សូមការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគម្រោង រៀបចំ កម្មវិធី(អង្គរសង្ក្រាន្ត) ដែលនេះគឺជាការចូលរួមចំណែកថ្មីថែមទៀតដល់ការលើកស្ទួយ អភិរក្សវប្បធម៌ ទំនៀមទំលាប និងបេតិកភណ្ឌរបស់កម្ពុជាដែលមានចំណាស់ដ៏យូរលង់។
លោកបន្តថា ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួមផ្សព្វផ្សាយ លើកកម្ពស់វប្បធម៌ ប្រពៃណី អរិយធម៌ ខ្មែរដល់មហាជន និងយុវជន ឲ្យបានជ្រួតជ្រាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដែលជាប្រភពបង្កើតការងារ ដ៏ចម្បងសម្រាប់ប្រជាជន យុវជន និងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕