ភ្នំពេញៈ អភិបាលខណ្ឌចំការមន លោក ឡូ យុយ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នេះ បាននាំថវិកា ចំនួន ២លានរៀល របស់លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ចូលរួមរំលែកទុក្ខ បុណ្យសពកូនប្រុស របស់តារាកំប្លែងជើងចាស់ យាយ ណយ សំណាង ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ ចរាចរដ៏រន្ធត់។
នាពិធីបុណ្យសពស្ថិតនៅក្នុងវត្តទួលទំពូង អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានពាំនាំនូវ ប្រសាសន៍ អភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា ដែលបានសម្តែងការ សោកស្តាយចំពោះហេតុការណ៍ លោកក៏ សូមចូលរួមរំលែកទុក្ខ ដល់យាយ ណយ សំណាង ដែលបានបាត់បង់ កូនប្រុសជាទីស្រឡាញ់របស់ខ្លួន។លោក ឡូ យុយ ក៏បានបន្តថា “លោកអភិបាល សូមឲ្យយាយ ណយ សំណាង ធ្វើការកាត់ចិត្តកាត់ថ្លើម ចំពោះហេតុ ការណ៍នេះ ព្រោះអី ជ្រុលហួសទៅហើយ អ្វីដែលត្រូវធ្វើបន្តនោះ គឺពង្រឹងស្មារតី រៀបចំធ្វើកិច្ចការងារ ឡើងវិញ” ។
សូមបញ្ជាក់ថា សពកូនប្រុសតារាកប្លែងជើងចាស់ លោកយាយ ណយ សំណាង ត្រូវបានតម្កល់នៅក្នុង វត្តទួលទំពូង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ លោក អៀច វណ្ណៈ ហៅ (ដេវីត) បានទទួលមរណភាព កាលពីថ្ងៃ ព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៣ នៅម៉ោង៩ និង៣០ នាទី យប់ ក្នុងជន្មាយុ៣៣ ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាបបាត់បង់ជីវិត ជាមួយមនុស្ស៣ នាក់ទៀត នៅបណ្តាយផ្លូវជាតិ លេខ៤ ក្នុងស្រុកព្រៃនុប ខេត្តព្រះសីហនុ ក្រោយពីរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន អេសខេ បានបុកពេញ មួយទំហឹង ចំរថយន្តរបស់លោក ខេមរៈ សេរីមន្ត។
ជនរងគ្រោះដែលបាត់បង់ ជីវិតដោយ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ ត្រូវបានគេស្គាល់ឈ្មោះ រី សុផារ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរជាទាហាន វរលេខ៩១ ការពារអាកាស រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ, ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នក រាំកំដរឆាក រស់នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ, ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ជាក្រុម រាំ (កូននាយកុយ) និងឈ្មោះអ៊ាច វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នករាំ (កូនយាយណាង) រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។ ចំណែក អ្នករងរបួស មានឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ, ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ, ឈ្មោះ ខេមរៈ សេរីមន្ត និងកូនក្មេង អាយុ១ខួប ប៉ុន្តែគេមិនត្រូវបានស្គាល់ ឈ្មោះទេ ខណៈម្ដាយត្រូវរបួស ហើយក្មេងប្រុស រូបនេះ យំខ្លាំងពេកត្រូវ គេបញ្ជូនទៅសង្គ្រោះកន្លែងផ្សេង ៕