កំពង់ស្ពឺ៖ បន្ទាប់ពីក្រុមកម្មកររោងចក្រ ថបភ្លីត អិនណឺ ហ្វូតវែវអ៊ិន ដាសស្ទៀលផ្នែកដេរស្បែកជើង បានបិទផ្លូវជាតិលេខ៣ រហូតបង្កឲ្យមាន ភាពតានតឹងជាមួយក្រុមសមត្ថកិច្ច នៅព្រឹកថ្ងៃទី១២ ខែមីនានេះ រួចមកនោះ រហូតមកដល់រសៀលថ្ងៃនេះ ពួកកម្មករបានបំបែកគ្នា ទៅផ្ទះរៀងៗខ្លួន អស់ហើយ ខណៈមន្រ្តីការងារសន្យាថា នឹងដោះស្រាយបញ្ហាឲ្យ។
តំណាងកម្មករ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមកម្មករបានផ្អាកធ្វើកូដកម្ម ជាបណ្តោះអាសន្នសិន បន្ទាប់ពីមន្រ្តីមន្ទីរការងារ ខេត្តកំពង់ស្ពឺ សន្យាជាមួយពួកកម្មករថា នឹងដោះស្រាយលក្ខខណ្ឌការងារមួយចំនួន ដែលពួកគេបានទាមទារ។
តំណាងរូបនេះបន្តថា «នៅថ្ងៃទី១៤ ខែមីនា មន្រ្តីមន្ទីរការងារ និងថៅកែរោងចក្រ ព្រមទាំងមន្រ្តីសហជីព ដែលបានដឹកនាំធ្វើកូដកម្ម នឹងធ្វើការ ជួបប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយមួយ សមរម្យសម្រាប់ពួកគេអាចទទួលយកបាន»។
លោក ឡី សុជាតិ មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ថា ក្រុមកម្មករនៅរោងចក្រនេះ មានចំនួន ៣.០០០នាក់ បានធ្វើកូដកម្មអស់ រយៈពេល២ថ្ងៃកន្លងមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ ទើបនាពេលនេះ ពួកគេបានទទួលការសន្យា ពីមន្រ្តីពាក់ ព័ន្ធថានឹងដោះស្រាយឲ្យពួកគេ។
សូមបញ្ជាក់ថា កម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ ថបភ្លីត ហ្វូតវែវអ៊ិនដាសស្ទៀល បានបិទផ្លូវជាតិលេខ៣ នៅឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ បណ្ដាលឲ្យកកស្ទះចរាចរ ដល់អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ក្នុងគោលបំណង ទាមទារ លក្ខខណ្ឌការងារមួយចំនួន ដូចជាសុំឲ្យក្រុមហ៊ុនចាត់វិធានការ ដកអគ្គនាយករងក្រុមហ៊ុនជាបន្ទាន់, សុំឲ្យក្រុមហ៊ុនរៀបចំឲ្យមានពេទ្យ ប្រចាំការ រៀងរាល់ថ្ងៃ ម៉ោងកម្មករនិយោជិតធ្វើការ,សុំឲ្យក្រុមហ៊ុនរៀបចំថែមម៉ោងស្ម័គ្រចិត្ដ របស់កម្មករ និយោជិត ដោយគ្មានការបង្ខិតបង្ខំជាដើម៕