សៀមរាបៈ នៅព្រលប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះប្រតិបត្តិ ការយ៉ាងក្តៅគគុក ចូលទៅឆែកឆេរវីឡា អែនជូណា នៅកណ្តាលក្រុងសៀមរាប តំបន់ទេសចរណ៍ដ៏ទាក់ទាញ នៅកម្ពុជា ពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បាន១០នាក់។
ប្រតិបត្តិការចុះឆែកឆែរវីឡា ដែលដឹកនាំដោយលោក ជូន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបនេះ បានធ្វើឡៀង បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមមានជនបរទេស៣នាក់ផងនោះ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៣នេះ ពាក់ព័ន្ធនិងការជួញដូរ និងសេពគ្រឿងញៀន។
បើតាមសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បានឲ្យដឹងថា ក្រោយការឃាត់ខ្លួន និងសួរនាំជនសង្ស័យទាំង៧នាក់ រួចមក ទើបនៅព្រលប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចរួមន្រ្តីសាលាដំបូងខេត្ត បន្តចុះទៅឆែកឆេរវីឡា អែនជូណា ហើយជំហានដំបូងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ១០នាក់។ ការចុះឆែកឆេរវីឡា ត្រូវបានសមត្ថកិច្ចបង្ហើប ថា ជាប់ពាក់ព័ន្ធទៅនិងការជួញដូរថ្នាំញៀន៕