យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បានអំពាវនាវឲ្យសប្បុរសជនទាំងឡាយ សូមបញ្ចេញនូវជំនួយរបស់ខ្លួន បន្ថែមទៀតទៅដល់ជន ភៀសខ្លួនស៊ីរី ព្រមទាំងប្រទេសដែល ពាក់ព័ន្ធទាំងអស់ ជាពិសេសគឺប្រទេសដែលកំពុង ទទួលជនភៀសខ្លួនស៊ីរី ឲ្យស្នាក់នៅតែម្តង។ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យរង អគ្គលេខាធិការយូអិន លោក អេឌូអាឌូ ឌែល ប៊ឺយ។
លោក អាន់តូនីញ៉ូ ហ្គូទែរែស តំណាងជាន់ខ្ពស់នៃយូអិន ទទួលបន្ទុកជនភៀសខ្លួន បាននិយាយក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសលីបង់ថា វិបត្តិជនភៀសខ្លួននៅ ប្រទេស ស៊ីរី នេះ វាមិនមែនគ្រាន់តែជាវិបត្តិធម្មតានោះទេ ហើយវាត្រូវការយន្តការដោះស្រាយ ព្រមទាំងការ គាំទ្រពីសំណាក់ អន្តរជាតិផងដែរ។
លោក អាន់តូនីញ៉ូ ហ្គូទែរែស បានព្រមានអំពីបញ្ហា ដែលកាន់តែរីកធំឡើង សម្រាប់ប្រជាជន ស៊ីរី និង ស្ថិរភាពនៅក្នុងតំបន់ទាំងមូល ប្រសិនបើជំនួយមនុស្សធម៌ មិនត្រូវបានធ្វើឡើងដោយ គ្រប់គ្រាន់ទេនោះ។ អ្នកនាំពាក្យខាងលើនេះ បានបញ្ជាក់នៅក្នុងបទសង្ខេប ព័ត៌មានប្រចាំថ្ងៃ របស់ខ្លួនថា វាមិនមានផ្លូវណាមួយដែល លោកអាចផ្តល់ជំនួយ ជាជាងការផ្តល់ជំនួយ ទៅតាមគម្រោងធម្មតានោះទេ។
គួរបញ្ជាក់ផងដែរថា ជនភៀសខ្លួនស៊ីរីជាង ៤៥០.០០០នាក់ កំពុងតែស្នាក់នៅប្រទេសជិត ខាងស៊ីរីដូចជាប្រទេស លីបង់, ហ្សកដានី, តួកគី, អ៊ីរ៉ាក់ និង អេហ្ស៊ីប ជាដើម ហើយប្រទេស ទាំងនោះបានសុំឲ្យអន្តរជាតិ ជួយផ្តល់ជំនួយ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសខ្លួនទាំងឡាយ៕
លោក អាន់តូនីញ៉ូ ហ្គូទែរែស តំណាងជាន់ខ្ពស់នៃយូអិន ទទួលបន្ទុកជនភៀសខ្លួន