ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៣ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈ កម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និង ជាសមាជិកក្រុមការងារ ចុះជួយខេត្តព្រះសីហនុ រួមទាំងសហការី បានចុះជួប សំណេះ សំណាល ចែក អំណោយ និងធ្វើការដោះស្រាយ ជូនដល់ ប្រជាពលរដ្ឋទីទ័លក្រ ដែលមានដីប៉ះពាល់ ជាមួយក្រុមហ៊ុនចំនួន០៥គ្រួសារ ក្នុងចំណោម ៧៥គ្រួសារព្រមទាំងបានផ្តល់ថវិកាចំនួន ៥៣,០៦៤ ដុល្លារ ជាប្រាក់ដោះស្រាយវិវាទដីធ្លីចំនួន ១៣២ហិកតា ក្រៅប្រព័ន្ធតុលាការរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូង ប្រេងកម្ពុជា (MRICOP)។
ចំពោះប្រជា ពលរដ្ឋ ដែលនៅសល់លោក បណ្ឌិតនិងធ្វើការ ដោះស្រាយជាបន្តរបន្ទាប់ទៀត ដោយលោកបណ្ឌិត ប្រកាន់ខ្ជាប់តាម ការអនុវត្តគោល នយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយអោយប្រជាពលរដ្ឋ ទទួលបាននូវភាពយុត្តធម៌ និងរស់នៅដោយ ប្រកបដោយភាព សុខសាន្ត ក្នុងជីវិត។ ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តឧទុម្ពរ (ហៅវត្តចំប៉ា)ស្ថិតក្នុង ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ ។
ទន្ទឹមគ្នានោះផងដែរ លោកបណ្ឌិតបានផ្តាំផ្ញើការ សួរសុខទុក្ខពី សំណាក់សម្តេចទាំងបី មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ ។
លោក បណ្ឌិតក៏បានធ្វើការ ណែនាំដល់ប្រជាពលរដ្ឋទាំង អស់ដែលបានចូលរួមក្នុងពិធីនេះ សូមមេត្តាកុំធ្វើចំណាក ស្រុកឲ្យសោះ ដើម្បីជៀស វាងការគ្រោះថ្នាក់ ដោយប្រការណាមួយ ព្រមបានរួមរស់ជួបជុំគ្រួសារ ដោយមិន មានក្តី បារម្ភ ចំពោះគ្រួសារ ដែលទៅធ្វើការស្រុកឆ្ងាយ និងសូមឲ្យ រស់ នៅប្រកបការងារអាជីវកម្ម នៅក្នុង ស្រុកទើបជាការប្រសើរ ។ ហើយបើសិនជាបងប្អូនគ្មានដីធ្លី ផ្ទះសម្បែងស្នាក់នៅ គ្មានការងារធ្វើ នោះក្រុម ហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំ ដូងប្រេង កម្ពុជា (MRICOP) នឹងអាចជួងបងប្អូនទាំងអស់គ្នាបាន ។
លោក សុខ វុន តំណាងប្រជាពលរដ្ឋ ដែលចូលរួមក្នុង ឱកាសនោះបានថ្លែងថា ពីមុនមកកាលដែលមិន ទាន់បានជួបដោយផ្ទាល់ ជាមួយនឹង លោកបណ្ឌិត ខ្ញុំគិតថាទំនាស់នេះមិនអាច ដោះស្រាយក្រៅ ប្រព័ន្ធតុលាការបាននោះទេ ព្រោះអីពួកយើង ខ្ញុំគិតថារឿងនេះធំណាស់ ហើយបើមាន ការប្តឹងផ្តល់ទៅ ពួកយើងខ្ញុំក៏គ្មានប្រាក់ កាសសម្រាប់ ចំណាយ ហើយក្តី សង្ឃឹមថាបានឈ្នះក្រុមហ៊ុននោះក៏តិចដែរ ។ ប៉ុន្តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ រូបខ្ញុំរួមទាំងលោក សង់ ដន និងលោកស្រី នាង ធឿន បានជួបជាមួយលោកបណ្ឌិត ដើម្បីដោះស្រាយទំនាស់នេះមិនដល់មួយម៉ោងផង ក៏ សម្រេចលទ្ធផលបានជាផ្លែផ្កាគួរជាទីមោទនៈ ។ ពួកយើងខ្ញុំបានទទួលស្គាល់ថា ក្រុមហ៊ុនបាន ទិញដីឲ្យ ប្រាក់គេម្តង រួច ហើយពិតមែន ។ ប៉ុន្តែពេលនោះលោកបណ្ឌិតបានសម្រេចផ្តល់ប្រាក់ឲ្យពួកយើងខ្ញុំ ៤០០ដុល្លារក្នុងមួយហិកតា ហើយផ្តាំ ផ្ញើឲ្យយើង ខ្ញុំមកជម្រាបប្រជា ពលរដ្ឋទាំង អស់គ្នាថា ក្រោយពេលទទួលបានថវិកាពីក្រុមហ៊ុនរួចហើយ សូមកុំធ្វើចំណាកស្រុក ត្រូវរស់នៅទីនេះទាំងអស់គ្នា ខ្ញុំនឹងរៀបចំដីធ្លី ផ្ទះសម្បែងនិង ការងារជូន ។
បន្ទាប់ពីបានធ្វើការដោះ ស្រាយដោយសន្តិវិធី តាមគោលនយោបាយ រួចមកលោកបណ្ឌិត ក៏បានផ្តល់អំណោយជា អង្ករ មី ទឹកដោះគោ ស្ករ ទឹកសុទ្ធ កន្ទេល ក្រមារ និងធីបមួយថង់ផងដែរ ដល់ប្រជាពលរដ្ឋក្រីក្រ ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ខេង តេង អភិបាលស្រុកកំពង់សិលា ក៏បានពាំនាំការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សូមឲ្យលោកបណ្ឌិតជួយផ្តល់ជាថវិកាខ្លះដើម្បីកសាងផ្លូវមួយខ្សែ ក្នុងភូមិប្រវែងជាង៩០០ម៉ែត្រ ជាលទ្ធផលលោកបណ្ឌិត បានឯកភាពនិងយល់ ព្រមផ្តល់ជាគ្រឿងចក្រទៅធ្វើការជួសជុលផ្លូវនោះ តាមសំណូមពរ ដើម្បីទុកជាចំណងដៃ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខផងដែរ ៕