តាកែវៈ រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍ លោកបណ្ឌិត សូរ ឃុន អ្នកតំណាង រាស្រ្ត មណ្ឌលតាកែវ លោក ប្រាក់ ធុច នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បានផ្តល់ចំណង ដល់អ្នកស្រុក នូវសាលាឆទានមួយកន្លែង នៅភូមិសៀមដេក ឃុំគ្រាំងលាវ ស្រុកបាទី ។
លោកបណ្ឌិត បានថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋ ក្នុងភូមិនិងពុទ្ធបរិស័ទ្ធទំាងអស់ស ដែលបានបរិច្ចាគទ្រព្យផ្ទាល់ ចូលរូមកសាងសមិទ្ធផល សាលាឆទាន១កន្លែង សម្រាប់ប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។
លោករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនលូតលាស់ទាំង ផ្នែកពុទ្ធចក្រនិងអាណាចក្រ ជាក់ស្តែងកម្ពុជាមានវត្តអារ៉ាមជាង៤ពាន់វត្ត ព្រមទាំងព្រះសង្ឃជិត៦ម៉ឺនអង្គ។ លោក ក៏បានផ្តំាផ្ញើឱ្យ អ្នកភូមិប្រយ័ត្នប្រយែង ពីជំងឹផ្តា សាយបក្សីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ផងដែរ ជាពិសេសត្រូវប្រញាប់ទៅមន្ទីរ ពេទ្យជាបន្ទាន់កាលបើមាន ជំងឺគ្រុនក្តៅចាប់ពី៣៧អង្សាសេ ឡើងទៅជាមួយនឹងអការៈពិបាកក្នុងការដកដង្ហើមនិងក្អក។
បើតាមលោកមេឃុំគ្រាំងលាវ ទូច សឿន បានឱ្យដឹងថា សាលាឆទាននេះ ចាប់ផ្តើមកសាងពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០០៩ រហូតដល់ដើមខែមីនា ឆ្នាំ២០១៣ទើបបញ្ចប់ ជាមួយនឹងថវិកាកសាងជាង៥លាន៦សែនរៀល ដែលជាការចូលពីពុទ្ធបរិស័ទ្ធ។
លោករដ្ឋមន្រ្តីនិងអ្នកតំណាងរាស្រ្ត ក៏បានចែកអង្ករដល់អ្នកភូមិ៨៣គ្រួសារ ក្នុង១គ្រូសារទទួលបានអង្ករ១០គីឡូ ថវិកាចំនួន២៥៤០ដុល្លារ សម្រាប់ទូទាត់ថៃ្លកសាង និងថវិកាជាង២លាន៤សែនដល់អ្នកចូលរួមផងដែរ៕