ភ្នំពេញ៖ បុរសម្នាក់ និងស្រ្តីពីរនាក់ ត្រូវជាប្តី ប្រពន្ធ និងបងស្រី បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានឌុបគ្នាទៅបុក បង្កាន់ដៃស្ពាន ៧មករា បន្ទាប់ពីបានគេចចេញ ពីរថយន្តមួយគ្រឿង ដែលមកពីខាងមុខ កាលពីវេលាម៉ោង ៧៖៥៥នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ស្ពាន៧មករា តាមបណ្តោយផ្លូវ ជាតិលេខ ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូម៉ាក សង់កូរ៉េ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BB-5145 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិ លេខ៣ ក្នុងទិសដៅពី ជើងទៅត្បូង លុះដល់ស្ពាន៧មករា គាប់ជួនមានរថយន្ត មួយគ្រឿង មកពីខាងមុខ ស្រាប់តែជនរងគ្រោះ ទាំងបីនាក់ បានគេច ក៏ជ្រុលទៅបុក បង្កាន់ដៃស្ពាន បណ្តាលឲ្យរង របួសធ្ងន់ទាំងបីនាក់ តែម្តង។
សមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ជូ សុគន្ធ ភេទប្រុស អាយុ៥២ មុខរបរជា អ្នករត់ម៉ូតូឌុប ជាប្តី ទី២ឈ្មោះ ឃឹម បូរី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនី កាត់ដេរ ត្រូវជាប្រពន្ធ និងទី៣ ឈ្មោះ នាក់ លឹម ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាបងរបស់ឈ្មោះ ឃឹម បូរី មុខរបរ ជាកម្មការិនី រោងចក្រ ។
ជនរងគ្រោះទាំងបីនាក់ មានស្រុកកំណើត នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បានធ្វើដំណើរទៅ ដល់កន្លែងកើតហេតុ ហើយដឹកជនរងគ្រោះទាំងបីនាក់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ៕