ប៉េកាំង៖ ទីភ្នាក់សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ដោយផ្អែកតាមរយៈ ក្រុមអាជ្ញាធរឧត្ដុនិយមវិទ្យា បានព្យាករណ៍ឲ្យដឹង នៅថ្ងៃអាទិត្យនេះថា នឹងមានភ្លៀងធ្លាក់យ៉ាងគំហុក ហើយ ភ្លៀងនោះ ត្រូវគេរំពឹងទុកថា វានឹងវាយប្រហារទៅលើភាគខាងត្បូងប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ជាប់ៗ គ្នា ស្របពេល ដែលមានព្រិលទឹកកករលាយ នឹងធ្លាក់បាក់ចូល ទៅតាមតំបន់មួយចំនួននៃ ភាគខាងជើង ផងដែរ។
មណ្ឌលឧត្ដុនិយមវិទ្យាជាតិ បានព្យាករណ៍ឲ្យដឹងថា នៅតាមតំបន់មួយ ចំនួនភាគខាង ត្បូងនៃទន្លេ Yangtze និង Huai នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងរយៈពេល៣ថ្ងៃជា បន្តបន្ទាប់គ្នា ដោយមានតំបន់ខ្លះ បានរំពឹងទុកថា នឹងត្រូវបានវាយប្រហារ ដោយភ្លៀងខ្លាំង ឬក៏មានព្យុះមានរន្ទះផ្គរលាយឡំផងដែរ។
មណ្ឌលឧត្ដុនិយមវិទ្យាជាតិ ដដែលខាងលើបានឲ្យដឹងថា ព្រមជាមួយគ្នាដែរ តំបន់ស្វ័យ័តដែលស្ថិត នៅខាងក្នុងប្រទេស Mongolia តំបន់ស្វ័យ័ត Tibet ព្រមទាំងខេត្ត Hebei និងភាគច្រើននៃទិសឦសាន្តចិន នឹងទទួលរង នូវការធ្លាក់ព្រិល និងធ្លាក់ភ្លៀងលាយព្រិលតិចៗផងដែរ ស្របពេលដែលនៅតាមតំបន់មួយចំនួន ស្ថិតនៅក្នុង ខេត្ត Liaoning និង Jilin នឹងមានព្រិលទឹកកកធ្លាក់យ៉ាងខ្លាំង។
មណ្ឌលឧត្ដុនិយមវិទ្យាជាតិនោះក៏បាន ព្យាករណ៍ទៀតថា វានឹងមានព្យុះខ្សាច់ និងព្យុះសង្ឃរា នៅតាមបណ្តា ខេត្ត Gansu ភាគខាងលិចតំបន់ស្វយ័ត ប្រទេសម៉ុងហ្គោលី (Mongolia) និងនៅផ្នែកភាគខាងត្បូង នៃតំបន់ស្វយ័ត Xinjiang Uygur ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ៍ ខាងមុខនេះ៕