ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់ យុវជនបៃតង ក្រសួងបរិស្ថាន បានក្លាយជាជើងឯក រងពានរង្វាន់ Tiger Street Football International Tournament 2013 នៅកម្ពុជា។
ការប្រកួតបានរៀបចំធ្វើឡើងនៅ មុខវត្តបុទុមវតី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ។ សមាសភាពក្រុម ដែលចូលរួមក្នុងការ ប្រកួតនេះមានចំនួន ៨ ក្រុម មកពីប្រទេសផ្សេងៗ រួមមាន៖ ប្រទេសអាឡឺម៉ង់ ហូឡង់ ចិន សិង្ហបូរី និងក្រុមជាប់ ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ពានរង្វាន់បាល់ទាត់ Tiger Street Football National Tournament 2013 នៃប្រទេសកម្ពុជាដូចជា ក្រុមអាណាចក្របៃតង, Khmer Super Red, Charlo, និងយុវជនបៃតង។
ខាងក្រោមនេះ ជាលទ្ធផល នៃការប្រកួតរបស់ក្រុមយុវជនបៃតង៖ យុវជនបៃតង Vs Charlo ៣-១ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs ហូឡង់ ៤-៣ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs ចិន ០-៤ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs អាឡឺម៉ង់ ៣-១ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ), យុវជនបៃតង Vs ហូឡង់ ១-៣ (វគ្គផ្តាច់ព្រ័ត្រ)។
លោក ម៉ុក ច័ន្ទករុណា សមាជិកកណ្តាល សហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម យុវជនបៃតង ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា លោកមានការសោកស្តាយ ចំពោះលទ្ធផលនេះ ក៏ប៉ុន្តែក្រុមរបស់លោក បានខិតខំ លេងអស់ពីសមត្ថភាពហើយ រយៈពេល ២ថ្ងៃនេះ យើងប្រកួតជាប់រហូត ហើយកាលពីថ្ងៃទី ១៥ ខែមីនា យើងប្រកួតលក្ខណៈ ថ្នាក់ជាតិ ដោយលេងមួយថ្ងៃ ពេញតែម្តង និងទទួលបានចំណាត់ថ្នាក់លេខ២ ។ លុះថ្ងៃទី ១៦ ខែមីនា នេះ យើងប្រកួតជា លក្ខណៈអន្តរជាតិទៀត ដោយក្រុមរបស់លោកត្រូវ លេងជាមួយ ក្រុមខ្លាំងជាច្រើនដូចជា ប្រទេសចិន អាឡឺម៉ង និងហូឡង់ ជាដើម។
លោក បានបញ្ជាក់ថា បើទោះបីជាក្រុមរបស់លោកទទួលបានចំណាត់ថ្នាក់លេខ២ ប៉ុន្តែលោកពិតជាសប្បាយចិត្ត និងមានមោទនៈភាព ចំពោះក្រុមកីឡាករ ណាស់ ពិបាកឲ្យជឿណាស់ថា ក្រុមយើងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត ជាពិសេស គឺការយកឈ្នះ ក្រុមកីឡាបាល់ទាត់ខ្លាំង មកពីប្រទេសអាឡឺម៉ង់(៣-១) ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងហូឡង់(៤-៣) ក្នុងវគ្គជម្រុះក្នុងពូល។ ទាំងនេះសរបញ្ជាក់ឲ្យឃើញពីឆន្ទៈ យ៉ាងមោះមុត របស់យុវជនកម្ពុជាយើង ក្នុងការលើកតម្កើនវិស័យ បាល់ទាត់របស់ ព្រះរាជាណាចក្រកម្ពុជា នៅលើវេទិការអន្តរជាតិ៕