ភ្នំពេញ៖ លោក ទុយ មែន អាយុ២០ឆ្នាំ ជាអ្នកកាសែត របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ប្រចាំខណ្ឌដង្កោ បានរងរបួស នៅលើផ្ទៃមុខ និងជើងដោយសារ តែជនសង្ស័យ ចំនួនពីរនាក់ ជាក្រុមចោរប្លន់ បានជិះម៉ូតូតាមពីក្រោយវាយ និងដៃដើម្បីប្លន់ម៉ូតូ របស់លោក ប៉ុន្តែដោយសារតែលោក ប្រតាយប្រតប់ទើបប្លន់ មិនបានសម្រេច។
ហេតុការណ៍ វាយនឹងដៃ ប៉ងប្លន់យកម៉ូតូម៉ាកស្តុបពី ពណ៍ស លាយផ្កាឈូក ស៊េរី២០១៣របស់ លោក ទុយ មែន ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ តាមផ្លូវ លេខ១៦៣ កែវផ្លូវលេខ៤៥០ ពោលហួសភ្លើងស្តុប ផ្សារទួលទំពូង ប្រហែល៣០០០ម៉ែត្រ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
លោក ទុយ មែន អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ប្រចាំខណ្ឌដង្កោ បាននិយាយថា ខណៈលោកកំពុង ជិះម៉ូតូតែម្នាក់ឯង តាមផ្លូវលេខ១៦៣ លោកមានការសង្ស័យពីព្រោះ មានជនសង្ស័យ ចំនួនពីរនាក់ អាយុជាង២០ឆ្នាំ ជិះម៉ូតូសេ ១២៥ស៊េរី ២០០៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-0089 តាមលោកពីក្រោយ ។
នៅពេលឃើញដូច្នេះ លោក ទុយ មែន បានជិះម៉ូតូបម្រុងចូលផ្ទះ ដែលនៅជិតនោះ ក៏ប៉ុន្តែជិះមិនទាន់ ស្រាប់តែជនសង្ស័យ ទាំងពីរនាក់នោះ បានមកឈប់ម៉ូតូ ហើយវាយ ដោយទះកំផ្លៀង ប្រុងប្លន់យកម៉ូតូ ប៉ុន្តែដោយលោក ទុយ មែន វាយប្រតាយប្រតប់វិញ ទើបក្រុមចោរដែលម៉ូតូរបស់ពួកគេ បានជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿង ផងនោះ បានគេចខ្លួនបាត់តែម្តង។
បើតាមលោក ទុយ មែន នៅពេលប្រតាយប្រតប់នោះ លោកបានរត់ចូលទៅដល់ក្នុងផ្សារ ទួលទំពូងទៀត ប៉ុន្តែជនសង្ស័យម្នាក់ រត់តាមពីក្រោយ ដើម្បីវាយថែមទៀត។ ដោយឃើញ ស្ថានភាពកាន់តែអាក្រក់ទៅ ទើបជនសង្ស័យទាំងពីរនាក់ បានឡើង លើម៉ូតូជិះគេចខ្លួន បាត់តែម្តង។ យ៉ាងណាក៏ដោយ ក្រោយពីមានហេតុការណ៍ តាមវាយប្លន់ម៉ូតូខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ជាបន្ទាន់ តាមស្វែងរកមុខសញ្ញាទាំងនេះ៕