បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ៥នាក់ត្រូវ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព ដេញកាប់កូន ប្រុសលោកស័ក្តិ ៣ ប៉េអឹមខេត្តម្នាក់ មួយលើកជាពីរលើក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា នេះថា ជនសង្ស័យមុនចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែ មីនា វេលាម៉ោង ៥ ល្ងាច ជនសង្ស័យមានបក្ខពួកចំនួន ៥ នាក់ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំបិតប៉័ងតោ គ្រប់ដៃ តាមដេញកាប់ជនរងគ្រោះ និងមិត្តភ័ក្តិតែសំណាងល្អ ជនរងគ្រោះ នាំគ្នារត់គេច ចូលកុដិលោករួចខ្លួន ពេលនោះពួកគេ បានកាប់ចិញ្ច្រាំម៉ូតូជំនួសវិញ ដើម្បីបន្ធូកំហឹង ហើយទំនាស់ រវាង ជនរងគ្រោះ និងជនសង្ស័យ គឺទំនាស់ពាក្យសម្តី ពេលលេងបាល់ទាត់ជាមួយគ្នា លុះនៅព្រឹកថ្ងៃទី១៨ ខែមីនា ដែលជាថ្ងៃបន្ទាប់ ជនសង្ស័យតាមកាប់ជនសង្ស័យសារជាថ្មី ខណៈជនរងគ្រោះ ធ្វើដំណើរទៅ សាលារៀន ទើបកម្លាំង អ.ហ ចាប់ខ្លួនជនសង្ស័យបានតែម្តង។
លោក ហម ម៉ុត បានបន្តថា ជនសង្ស័យមានឈ្មោះ ឈិន លីម៉េង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ១-ឈ្មោះ រិទ្ធា រស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជាកូនប្រុសលោកស័ក្តិ៣ ប៉េអឹមម្នាក់នៅខេត្ត និងម្នាក់ទៀតឈ្មោះ សែន លីវយី ភេទ ប្រុស អាយុ១៩ឆ្នាំ ជាមិត្តភ័ក្តិ ។
ក្រោយសួរនាំ ជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ ការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕