Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស អំពាវ​នាវ​ម្ចាស់​ជំនួយ និង​កម្ពុជា​រួម​គ្នា​ពន្លឿន ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម

$
0
0

ភ្នំពេញ៖ លោក Mark Gooding ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យបណ្តាប្រទេស ដែលជាម្ចាស់ជំនួយ និងប្រទេសកម្ពុជាត្រូវរួមគ្នា ជួយពន្លឿនដំណើរការសាលាក្តី ខ្មែរក្រហម ឲ្យបានឆាប់រហ័ស ក្រោយពីជនជាប់ អៀង សារី បានស្លាប់កាលពីសប្តាហ៍មុន។

លោក Mark Gooding ឯកអគ្គរាជទូតអង់គ្លេស បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បន្ទាប់ពីបានចូលរួមក្នុង ព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់ វិទ្យុដើមអម្ពិល នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមរយៈអ្នកបកប្រែ ថា អ្វីដែលប្រទេសអង់គ្លេស អាចធ្វើបាននាពេលបច្ចុប្បន្ន គឺជម្រុញប្រទេសដែលជាម្ចាស់ជំនួយ ដល់សាលាក្តីខ្មែរក្រហម ជាពិសេសអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា ត្រូវពន្លឿនដំណើរការនូវសាលាក្តី ខ្មែរក្រហម ឲ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងរបបខ្មៅងងឹតយង់ខ្នង ៣ឆ្នាំ៨ខែ នៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ក្រោយពេល លោកអៀង សារីទទួលមរណភាព។

លោកបានបញ្ជាក់ថា “យើងជម្រុញឲ្យអង្គការសហប្រជាជាតិ ព្យាយាមស្វែងរកថវិកា ដើម្បីផ្គត់ផ្គង់ឲ្យដំណើរការ សាលាក្តីនេះបានឆាប់រហ័ស”។

លោក Mark Gooding បន្ថែមថា រហូតមកដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានផ្តល់ជំនួយ មកសាលាក្តីខ្មែរជាង ១០លានដុល្លារ ហើយជាង៣ខែកន្លងមកនេះ អង់គ្លេសបានផ្តល់ថវិកាជិត ៣លានដុល្លារ ហើយដល់ភាគីអន្តរជាតិនៃ សាលាក្តីខ្មែរក្រហមផងដែរ។ "អ្វីដែលយើងត្រូវការជាច្រើនទៀតនោះ គឺត្រូវការឱ្យសមាជិកអង្គការសហប្រជាជាតិឯទៀត ចូលរួមផ្តល់វិភាគទានដើម្បីធានាបានថា ដំណើរការសាលាក្តីបន្តដំណើរទៅមុខ"។

អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនៃ របបខ្មែរក្រហមដ៏ពិឃាត លោក អៀង សារី បានទទួលអនិច្ចកម្មទៅហើយ ដោយលោកមិនបានផ្តល់ចំឡើយណាមួយ នៅក្នុងសវនាការដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ នាពេលកន្លងមក នោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles