បន្ទាយមានជ័យ៖ សពពលករខ្មែរកប្រុស-ស្រី ៥នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរ កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ក្នុងស្រុក ឃុំគោកធ្យូង ខេត្តស្រះកែវ ឈមនិងឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យនោះ ត្រូវបានបញ្ជូនមកម្ពុជាវិញហើយ កាលពីល្ងាចម៉ោង ៤និង៥០នាទី២០ ខែមីនានេះ។
លោក នេត សេរី អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា ពលករដែលគ្រោះថ្នាក់ស្លាប់នេះ មុនពេលកើតហេតុពួកគេជាង ១០នាក់ បានឆ្លងដែនតាមរយៈមេខ្យល់ចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ ដោយឆ្លងតាមច្រកអាងសិលា ហើយចំណុចនេះ គ្រប់គ្រងដោយកម្លាំង យោធា ពេលធ្វើដំណើរដោយរថយន្ត pick up មកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរជនជាតិថៃ បើកល្បឿនបានវ៉ាក់ជាមួយ រថយន្តបញ្ច្រាស ទិសគ្នាធ្វើឲ្យរថយន្តពលករខ្មែរ គេចទៅបុកត្រាក់ទ័រ ដែលចតក្បែរចិញ្ចើមផ្លូវ ទើបបណ្តាលឲ្យស្លាប់មនុស្ស៦នាក់ ក្នុងនោះមានជនជាតិថៃ១នាក់ និងខ្មែរ៥នាក់ ក្រៅពីនោះបានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសម្រាកព្យាបាល ទាំងយប់នៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុមក លោក នេត សេរី បានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទៅដល់កន្លែង ហើយនៅថ្ងៃទី២០ ខែមីនានេះ លោកក៏បានចំណាយ ថវិកាផ្ទាល់ខ្លួនទិញមឈូស៥ ដើម្បីដាក់សព ហើយដឹកពីប្រទេសថៃយកមកតំកល់ នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
សពទាំង៥នោះ មាន ទី១ឈ្មោះ ពឿន ពឿត ភេទស្រី , ទី២ឈ្មោះ ភៅ អ៊ី ភេទស្រី, ទី៣ឈ្មោះ មិ វង់ ភេទប្រុសទី៤ឈ្មោះ លៀត កឺត ភេទប្រុស និងទី៥ ឈ្មោះ ហ៊ីង ហឺយ ភេទប្រុស អ្នកទាំងនោះរស់នៅភូមិកោកក្រោល ឃុំដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បច្ចុប្បន្នអ្នករងរបួស៤នាក់ផ្សេងទៀត ត្រូវបានគេបញ្ចូនមកដល់កម្ពុជា ជាមួយសពហើយ២នាក់ទៀតរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅស្រុកអារញ្ញ។
ជនរងគ្រោះ ម្នាក់ឈ្មោះ រឿង សង់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនមកពីស្រុកកំណើត បានឆ្លងដែនទៅថៃដើម្បីរកការងារ ធ្វើតាមច្រកអាង សិលាហើយបង់ប្រាក់ឲ្យមេខ្យល់២.០០០បាត ដើម្បីទៅធ្វើការចិញ្ចឹមជ្រូក នៅខេត្តឈុនបុរី តែមិនទាន់ទៅដល់ផង ក៏ជួបបញ្ហាតែម្តង៕