ភ្នំពេញ ៖ រឿងអាស្រូវ របស់អាជ្ញាធរ សមត្ថកិច្ច និងតុលាការខេត្ដព្រះសីហនុចុះ អនុវត្ដសាលក្រម អយុត្ដិធម៌រឹបអូសយកដី ពីរាស្ដ្រក្រីក្រ ៤៩គ្រួសារ នៅភូមិកែវផុស ទៅឱ្យឧកញ៉ា ជៀម ផែន ជាថៅកែស្រា បៀរលីអូ កាលពីថ្ងៃទី០៥ ខែមីនានោះត្រូវ បានដោះស្រាយបញ្ចប់ហើយបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ដ្រីមានចំណាត់ការ ភ្លាមៗរួចមក ។ តែរឿងដែលគេកំពុងនាំ គ្នាតាមដានមើលបន្ដនោះ គឺថា តើឧកញ៉ា ជៀម ផែន អាចប្រឈមមុខទៅនឹងផ្លូវ ច្បាប់ដែរឬអត់ ? និងតើមានមន្ដ្រីណាខ្លះ ដែលប្រឈមមុខទៅនឹងការធ្លាក់បុណ្យ ជ្រុះស័ក្ដិ ក្នុងចំណាត់ការឃុបឃិតគ្នា ចូល រួម អនុវត្ដសាលក្រមអយុត្ដិធម៌ខាងលើនេះ ។
បើតាមការមានប្រសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា កន្លងទៅនេះ ដែលសម្ដេចថ្លែង ថា នឹងមិនអត់ឱនឱ្យបានទេ ចំពោះអ្នក ប្រព្រឹត្ដ...ហើយសម្ដេចនឹងតាមរឿងនេះ ដល់ទីបញ្ចប់ មិនឱ្យរបូតឡើយ ។ ដូច្នេះ មានន័យថា មន្ដ្រីដែលចូលរួមឃុបឃិតក្នុង ការប្រព្រឹត្ដអនុវត្ដសាលក្រម អយុត្ដិធម៌ ខាងលើ នឹងមិនរួចខ្លួនឡើយ រួមទាំងឧកញ៉ា ជៀម ផែន ដែលជាអ្នកជំរុញឱ្យមានការ អនុវត្ដសាលក្រមនេះផងដែរ ។
អ្នកដឹងរឿងបានអះអាងថា ដើមចម ដែលនាំឱ្យមានការឃុបឃិតគ្នាអនុវត្ដ សាលក្រមខាងលើនេះ បើមិនមានរឿង ផលប្រយោជន៍របស់មន្ដ្រីអាជ្ញាធរ សមត្ថ កិច្ចបង្កប់នៅក្នុងនោះទេ គឺពួកគេមិនមែន នាំគ្នាហ៊ានធ្វើទាំងបំពានបែបនេះឡើយ ។ ដូច្នេះមន្ដ្រីណាខ្លះ ដែលពាក់ព័ន្ធមានផល ប្រយោជន៍នោះ ? វាមិនពិបាកទេ បើ នាយករដ្ឋមន្ដ្រី ហ៊ានប្រកាសថា នឹងមិនឱ្យ រួចខ្លួនហើយនោះ យូរនឹងឆាប់គេនឹងស្រាវ ជ្រាវវែករកមុខឃើញជាមិនខាន ។
សូមបញ្ជាក់ថា ក្នុងការចូលរួមដឹកនាំ អនុវត្ដសាលក្រមដ៏អយុត្ដិធម៌ សម្រាប់អ្នក ភូមិកែវផុស កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៣ នោះ គេដឹងថា មានលោក ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្ដព្រះសីហនុ និង ដែលគេស្គាល់ថា ជាប្អូនថ្លៃលោក ប៉ុល ហំម អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក អនុប្រធានតុលាការខេត្ដ លោក ព្រះរាជ អាជ្ញាអមតុលាការខេត្ដ ស្នងការរង និងអភិ បាលរង ស្រុកស្ទឹងហាវផងដែរ គឺលោក ឆាយ សុគន្ធដា ។ មិនតែប៉ុណ្ណោះ បើគេចាំ មិនភ្លេចទេ ពេលកំពុងតែ អនុវត្ដសាលក្រម ហើយអ្នកកាសែត ធ្វើការផ្សព្វផ្សាយព័ត៌ មាន ស្ដីពីការអនុវត្ដន៍សាលក្រមអយុត្ដិ ធម៌ខាងលើ មានមន្ដ្រីដឹកនាំមួយចំនួន ថែម ទាំងស្រែកចំអក ឱ្យអ្នកកាសែតថា ចុះ ផ្សាយខុសការពិតធ្វើឱ្យប៉ះពាល់ដល់កិត្ដិ យស សមត្ថកិច្ចរបស់គេថែមទៀតផង ។
ឥឡូវ នរណាអនុវត្ដត្រូវ នរណាផ្សាយ ព័ត៌មានខុស លទ្ធផលគឺឃើញហើយតាម រយៈការកាត់ក្ដីរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ ៕
លោក ឆាយ សុគន្ធដា (រូបឈ) និង លោក ប្រាក់ ស៊ីហារ៉ា (រូបអង្គុយ)