ភ្នំពេញ : មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ កាលពីវេលា ម៉ោង៧និង៤៥នាទី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ នៅតាមបណ្ដោយ ផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹក បឹងត្របែក ដោយរថយន្ត កាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-7694 ត្រូវបានភ្លើង ឆាបឆេះចេញ ពីផ្នែកខាង ក្រោមម៉ាស៊ីន ពេលកំពុងបើកបរ។ អ្នកបររថយន្ត បានឲ្យដឹងថា ខ្លួនបានបើករថយន្ត ក្នុងទិសដៅពីផ្ទះ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងគោលបំណងទៅចូលរួម ពិធីជប់លៀងនៅតាខ្មៅ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏ឃើញមាន អណ្តាតភ្លើងឆាបឆេះចេញពី កាប៊ីនមុខយ៉ាង សន្ធោសន្ធៅតែម្ដង។
ភ្លាមនោះ ខ្លួនបានឈប់រថយន្ត ហើយប្រជាពលរដ្ឋ រស់នៅក្បែរនោះ នាំគ្នាយកបំពង់បាញ់ពន្លត់ អស់ចំនួន ៣បំពង់ហើយនៅតែមិនរលត់ទៀត ទើបអ្នកស្រុកបានហៅ រថយន្តពន្លត់ អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់អស់មួយគ្រឿង ទើបភ្លើងរលត់ ធ្វើឲ្យ រថយន្តនេះឆេះគ្រឿងម៉ាស៊ីន មួយកំណាត់មុខ។
ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្ត រងគ្រោះថ្នាក់អ្វីទេ ខណៈអ្នករួមដំណើរជាមួយ គ្នា ២នាក់ទៀត។ ម្ចាស់រថយន្ត ឈ្មោះ ឈិន រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់ផ្ទះលេខ២៣ ផ្កូវ៤៩២ ក្រុម១២ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕