ភ្នំពេញ៖ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ បានរៀបចំសន្និសីទ សារព័ត៌មានមួយ ដើម្បីច្រានចោល នូវព័ត៌មានដែលថា ខ្លួនបានខាតបង់ប្រាក់ចំណូល ប្រមាណ ៥៧លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ដែលជាការចុះផ្សាយ របស់ការសែតភ្នំពេញប៉ុស្តិ៍។
សន្និសីទសារព័ត៌មាន បានធ្វើឡើងនៅទីស្តី ការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោកបណ្ឌិត សូរ ឃុន ។
ការប្រតិកម្មរបស់ TC នេះ ធ្វើឡើងបន្ទាប់ពីការសែត ភ្នំពេញប៉ុស្តិ៍បានចុះ អត្ថបទមួយដែលមានចំណងជើងថា « TC ប្តូរអគ្គនាយកខណៈដែលមានការចម្រូងចម្រាស» ដោយក្នុងឃ្លាមួយក្នុងអត្ថបទបាននិយាយថា«យោងតាមរបាយការណ៍ សវនកម្មពីក្រុមហ៊ុន សវនកម្មឯករាជ្យលំដាប់អន្តរជាតិ KPMG ដែលបានធ្វើសវនកម្ម ទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន TC បង្ហាញថាក្រុមហ៊ុនស្វយ័តមួយនេះ បានខាតបង់ជារៀងរាល់ឆ្នាំជាប់ៗ គ្នាគិតចាប់ពីឆ្នាំ២០០៨មកនៅពេលចំណូល ថ្លៃឆ្លងកាត់ត្រូវបានដកចេញ។ កាលពីឆ្នាំ២០១១ក្រុមហ៊ុន TC ខាតបង់ ១៤,៤ លានដុល្លារ ខណៈដែលឆ្នាំ២០១២ក្រុមហ៊ុនខាតបង់អស់១០,២លានដុល្លារ។នៅរយៈពេល៥ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានខាតបង់ជា ទឹកប្រាក់សរុប ៥៧ លានដុល្លារបន្ទាប់ពីចំណូលពីថ្លៃ សេវាឆ្លងកាត់ត្រូវបានដកចេញ»។
អតីតអគ្គនាយកTC និងជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ ដែលទើបតែងតាំងថ្មីលោក ឡៅ សារឿន បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការចុះផ្សាររបស់កាសែតភ្នំពេញប៉ុស្តិ៍ ជាការយល់ច្រឡំ។ លោករៀបរាប់ពីដំណើរប្រតិបត្តិការនៃមជ្ឈមណ្ឌលឆ្លងកាត់(Transit fee) ថាចាប់តាំងពីឆ្នាំ ២០០៦មករហូតមកដល់បច្ចុប្បន្ន គឺនៅតែដំណើរការធម្មតា មិនមានការដកអ្វីនោះទេ ហើយចំណូលត្រាហ្វិចដែលឆ្លងកាត់រហូត មកដល់ពេលបច្ចុប្បន្ន ក៏នៅធម្មតាផងដែរ។
លោកបន្តថា «មជ្ឈមណ្ឌលឆ្លងកាត់ រហូតមកដល់ពេលនេះ មិនទាន់ដកចេញអ្វីទាំងអស់ ចំណូលនៅដដែល អត់ទាន់មានដកជាផ្លូវការណាមួយទេ ហើយក្នុងនេះថា (កាសែតភ្នំពេញប៉ុស្តិ៍) ដកចេញតាំងពីឆ្នាំ២០០៨។ នេះជាការយល់ច្រឡំ របស់បងប្អូនទេ។ ចំណូលរបស់យើងនៅដដែលអត់បាត់ទេ មិនដូចអ្វីដែលកាសែតលើកឡើងទេ។
លោកឡៅ សារឿន បានឲ្យដឹងថា ចំណូលរបស់TC ដែលទទួលពីមជ្ឈមណ្ឌលឆ្លងកាត់បានពីរបាយការណ៍សាវនកម្ម របស់ក្រុមសវនកម្ម ឯករាជ្យលំដាប់អន្តរជាតិ KPMG បានឲ្យដឹងថា ឆ្នាំ២០០៨ មានចំនួនជាង ៣,៧លានដុល្លារ, ឆ្នាំ២០០៩ មានជាង ៦,៥លានដុល្លារ, ឆ្នាំ២០១០ មានជាង ១៥,២លានដុល្លារ, ឆ្នាំ២០១១ មានជាង ១៦,៨លានដុល្លារ និង ឆ្នាំ២០១២ មានជាង ១១,៦លានដុល្លារអាមរិក។ បូកចំណូលបាន ពីមជ្ឈមណ្ឌលឆ្លងកាត់ ទាំង៥ឆ្នាំ មានតែ ៥៤លានដុល្លារតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មានការទទួលស្គាល់ថា ប្រសិនបើដកចំនួនទឹកប្រាក់ ចំណូលបានមក សេវាឆ្លងកាត់ គឺក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា TC នឹងត្រូវបាត់បង់ចំណូលជាង ៥៤លានដុល្លារ។
យ៉ាងណាក៏ដោយ បើតាមលោក ឡៅ សារឿន រដ្ឋាភិបាលមិនទាន់ ដកមជ្ឈមណ្ឌលឆ្លងកាត់ចេញពី TC នៅឡើយទេ លុះត្រាតែ មជ្ឈមណ្ឌលគ្រប់គ្រង ទិន្នន័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) ដំណើរការសិន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនិងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) នៅពេលខាងមុខនេះ។ នៅពេលដែល DMC ដំណើរការ TC នឹងត្រូវបាត់បង់នូវប្រភព ចំណូលដ៏សំខាន់របស់ខ្លួន៕