ភ្នំពេញ៖ បន្ទប់នៅក្នុង ផ្ទះវីឡារបស់ មន្រ្តីជលផលម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ៧៣បេតេ ក្រុមទី៧ ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ប៉ុន្តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយពន្លត់ទាន់ ពេលវេលា ពោលឆេះតែបន្ទប់មួយ តែប៉ុណ្ណោះ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ នៅ ប៊ុនថា អាយុ៤០ឆ្នាំ ដែលត្រូវគេដឹងថា ជាមន្រ្តីជលផល ។ សមត្ថកិច្ចបាន បន្តថា មូលហេតុ ដែលនាំឲ្យមាន អគ្គិភ័យនេះកើតឡើង គឺដោយសារ តែម្ចាស់ផ្ទះ បានទុកកុំព្យួរទ័រចោល នៅលើពូក ហើយក្តៅបណ្តាលឲ្យ ឆេះតែម្តងទៅ។
ភ្លាមៗនោះ អគ្គិភ័យបានឆេះពូក និងគ្រែ ព្រមទាំងសម្ភារៈ នៅក្នុងបន្ទប់អស់ ប៉ុន្តែត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៦បំពង់ ធ្វើការបាញ់ពន្លត់ ទំរាំរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង បានមកដល់៕