Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច កំពុងតាមប្រមាញ់ ជនបង្ក បើករថយន្ដដេញបាញ់ ទាំងកណ្ដាលយប់ រងរបួស ២នាក់

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីមានករណី ជិះរថយន្ដ ស៊េរីទំនើប ដេញបាញ់ទៅលើភាគីម្ខាង ទៀត បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន ២នាក់ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ នោះ ធ្វើឱ្យ កម្លាំងនគរបាល រាជធានីភ្នំពេញ និងកម្លាំង សមត្ថកិច្ចផ្សេងៗទៀត កំពុងឈឺក្បាល ហើយបាន និងកំពុងធ្វើការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ ស្វែងរកអត្ដសញ្ញាណជន បង្កទាំងនេះ ដែលបានធ្វើសកម្មភាពជិះ រថយន្ដដេញបាញ់ទាំងកណ្ដាលអាធ្រាត្រ ដោយសារតែរឿងប្រជែងរថយន្ដ។

ប្រតិបត្ដិការ ស្រាវជ្រាវដើម្បីស្វែងរក ក្រុមបង្កបាញ់បោះ យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវ ចាប់តាំងពីខណ្ឌ ៧មករា រហូត ដល់ខណ្ឌទួលគោក ហើយបន្ដមកបាញ់ចុង ក្រោយនៅមុខមន្ទីរពេទ្យកាល់ម៉ែត ក្នុង ខណ្ឌដូនពេញ ខាងលើនេះ  ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ ៣ ជួន សុវណ្ណ បានបញ្ជាឱ្យកម្លាំង នគរបាលជំនាញ ដឹកនាំដោយលោក ជួន ណារិន្ទ ស្នងការរង ធ្វើការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ តាមរយៈការសួរសាក្សី ជនរងគ្រោះ និងការពិនិត្យទៅលើភស្ដុតាង មួយចំនួនទៀត ។

យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ អត្ដសញ្ញាណជនបង្កពិត ប្រាកដ មិនទាន់បានកំណត់ច្បាស់លាស់នៅ ឡើយទេ ដោយសារតែគ្មានសាក្សីណាម្នាក់ ឃើញស្លាកលេខរថយន្ដ ពិតប្រាកដ គ្រាន់ តែសង្ស័យថា រថយន្ដបង្កអាចជារថយន្ដ ស៊េរី លុច្សស៊ីស ៥៧០ ពណ៌ស ឬរថយន្ដ ឡង់រ៉ូវ៉ែ ពណ៌ស តែប៉ុណ្ណោះ ។

ក្នុងករណីជិះរថយន្ដដេញបាញ់ ក្រោម ស្បៃរាត្រី ដែលគ្មានខ្លាចញញើតកម្លាង សមត្ថកិច្ច ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹក នាំប្រទេសនោះ បានធ្វើឱ្យបុរសម្នាក់រង របួសត្រូវជើង និងនារីម្នាក់ទៀត ដែល អង្គុយក្នុងរថយន្ដរងគ្រោះ ផ្នែកខាង ក្រោយ ត្រូវប្រឈិតក្បាល និងស្មាឆ្វេងរង របួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសមត្ថកិច្ច មូលដ្ឋានខណ្ឌដូនពេញ បានឱ្យដឹងថា ជនរង គ្រោះទាំង ៤នាក់ ជិះរថយន្ដប្រភេទស្ព័រ ពណ៌ស គ្មានស្លាកលេខ ក្នុងនោះ ២នាក់រង របួស រួមមាន ទី១ ឈ្មោះ គង់ ណារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឯកជន និងជាប្អូនប្រុសម្ចាស់ហាង ម្លិះ ៧៧ រីឯនារីរងគ្រោះ ឈ្មោះ វង់ ស្រីអូន  អាយុជាង ២០ឆ្នាំ ធ្វើការនៅហាងម្លិះ ៧៧ ម្ដុំផ្សារដីហុយ ក្នុងខណ្ឌសែនសុខ ។ ដោយ ឡែកអ្នកបើករថយន្ដឈ្មោះ បុត្រ រំដួល រង្ស៊ី ភេទប្រុស អាយុជិត ៣០ឆ្នាំ ជានិស្សិត ឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងនារីម្នាក់ទៀត ដែលអង្គុយជាប់អ្នកបើក និងជាបងស្រីបង្កើតរបស់នារីរងគ្រោះ ហើយធ្វើការនៅក្នុងហាងម្លិះ ៧៧ ដូចគ្នា នោះ ឈ្មោះ វង់ ស្រីលក្ខណ៍ អាយុជាង២០ ឆ្នាំ ។

អ្នកបើករថយន្ដ បុត្រ រំដួលរង្ស៊ី បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យ ដឹងថា មុនពេលកើតហេតុពួកគេទាំង ៤ នាក់ បានចេញពីក្លឹបកំសាន្ដយីហោ ម៉ូណាកូ នៅក្នុងខណ្ឌសែនសុខ រួចហើយនាំគ្នាមក ហូបបបរស នៅតាមផ្លូវកម្ពុជាក្រោមទល់ មុខក្រសួងសុខាភិបាល ។ ក្រោយពីហូប បបរសរួច ពួកគេទាំង ៤នាក់ បានបើក រថយន្ដ ឆ្ពោះទៅផ្លូវព្រះមុនីវង្ស លុះដល់ ចំណុចភ្លើងស្ដុប មជ្ឈមណ្ឌល BS ស្រាប់ តែឃើញរថយន្ដ១គ្រឿង ពណ៌ស ដែល សង្ស័យថា ជាប្រភេទរថយន្ដឡង់រ៉ូវ៉ែនោះ នៅពីមុខ ។ រួចហើយអ្នកបើករថយន្ដរូប នេះ បានបើកប្រជែងទៅមុខ ប៉ុន្ដែ មិនទាន់ បានប៉ុន្មានផង ក៏ឃើញរថយន្ដស៊េរីទំនើប មួយនេះ បាញ់ភ្លើងដាក់ ប៉ុន្ដែ មិនបានចាប់ អារម្មណ៍ ក៏អែបឱ្យគេប្រជែងវិញ ។ ប៉ុន្ដែ អ្នកបើករថយន្ដស៊េរីទំនើបនោះ មិនបាន បើកទៅមុនឡើយ គឺបើកកៀកពីក្រោយ ពេលនោះធ្វើឱ្យពួកគេទាំង ៤នាក់ គិតថា ម្ចាស់រថយន្ដស៊េរីទំនើប ទំនងចង់បង្ករឿង ក៏នាំគ្នាបើករថយន្ដឆ្ពោះទៅមុខ ។ អ្នក បើក រថយន្ដរូបនេះបានបន្ដទៀតថា លុះ បើក ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែឮសូរ គ្រាប់កាំភ្លើង ១គ្រាប់ បាញ់ចូលរថយន្ដ របស់ពួកគេ បណ្ដាលឱ្យត្រូវឈ្មោះ វង់ ស្រី អូន ដែលអង្គុយពីក្រោយ ។ បុត្រ រំដួល រង្ស៊ី បានបន្ដថា ក្រោយពីឮសូរគ្រាប់កាំភ្លើង អ្នកជិះនៅក្នុងរថយន្ដ បានប្រាប់ថា ស្រីអូន ត្រូវគ្រាប់ បានធ្វើឱ្យខ្លួនកាន់តែភ័យ និងបន្ដ ជាន់ហ្គ្រែរ រហូតដល់ស្ពានអាកាស ៧មករា ក៏បើករថយន្ដត្រឡប់មកវិញ គោលបំណង ឆ្ពោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្ដែនៅ តាមផ្លូវដោយសារតែភ័យខ្លាំងពេក មិន បានចាប់អារម្មណ៍ថា រថយន្ដបង្កហេតុនេះ ជាប្រភេទអ្វីច្បាស់លាស់ឡើយ ។ លុះមក ដល់មុខមន្ទីរពេទ្យកាល់ម៉ែត នៅពេលដែល រថយន្ដរងគ្រោះ បត់ចូលទៅក្នុងមន្ទីរពេទ្យ ស្រាប់តែអ្នកបើករថយន្ដបង្ក បាញ់១គ្រាប់ ទៀត បណ្ដាលឱ្យបែកកញ្ចក់ខាងក្រោយ ហើយគ្រាប់កាំភ្លើង ហោះទៅចំឈ្មោះគង់ ណារិទ្ធ ដែលជិះជាប់ឈ្មោះ វង់ ស្រីអូន ផ្នែកខាងក្រោយ ។ រួចហើយរថយន្ដដែល មិនដឹងថា ជាប្រភេទរថយន្ដអ្វីបានមួយរយ ភាគរយ និងពាក់ស្លាកលេខប៉ុន្មាននោះបាន បើកគេចខ្លួនបាត់ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ ដែលបាន និងកំពុងដឹកនាំកម្លាំង សមត្ថកិច្ចចុះស្រាវជ្រាវករណីបាញ់ ប្រហារនេះបានបញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី២៣ ខែមីនា នេះ សមត្ថកិច្ច របស់លោក មិនទាន់អាចបញ្ជាក់ពីអត្ដ សញ្ញាណបង្កឱ្យពិតប្រាកដនៅឡើយទេ រង់ ចាំការស្រាវជ្រាវ និងស៊ើបអង្កេតបន្ដ ទៀត ។ យ៉ាងណាក៏ដោយ សាក្សីមួយចំនួនដែល បានដឹងហេតុការណ៍បាញ់ប្រហារខាងលើ ពួកគេ បានឱ្យដឹងថា រថយន្ដបង្កហេតុអាច ជារថយន្ដលុច្សស៊ីស ពណ៌ស ស៊េរី ៥៧០ ហើយជនបង្ក មិនមែនជាមនុស្សធម្មតា ឡើយ ពោលតាមដេញបាញ់រហូតដល់មុខ មន្ទីរពេទ្យកាល់ម៉ែត ។

មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើសិននៅតាមផ្លូវធំៗ មានកាមេរ៉ាសុវត្ថិ ភាព ត្រូវបានបំពាក់ នោះជាការងាយស្រួល សម្រាប់សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ចំពោះករណីទាំងនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>